រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២៥-២០២៦

++++++++++++ខេត្តកណ្ដាល រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២៥-២០២៦ ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នាពេលនេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើម នឹងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ។តាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាប្រធានគណៈកម្មការ រៀបចំការប្រកួត បានអោយដឹងថាវិស័យកីឡារបស់ខេត្តកណ្តាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ជាពិសេស ការិយាល័យ អប់រំ យុវជន យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុកទាំង១៣ និង លោកស្រីជាគណៈ គ្រប់គ្រងគ្រឹះស្ថានបឋមសិក្សាក្នុងខេត្តទាំងអស់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។ឯកឧត្តមបានបន្តទៀតថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតរបស់យើងវិញ ឃើញថាក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ “ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុម មួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ។ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ច របស់ខ្លួន គឺត្រូវធ្វើជាតំណាងឱ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ ដូច្នេះក្មួយៗជាកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជម្នះជូនខេត្តរបស់យើង។ឯកឧត្តមអភិបាលរងខេត្ត បានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ព្រមទាំងនាយក នាយិកាគ្រឹះស្ថានបឋមសិក្សាក្នុងខេត្ត យកទៅអនុវត្តត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ម៉ោងក្នុង មួយសប្តាហ៍ឱ្យបានខ្ជាប់ខ្ជួន។ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា “ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) ត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត។ជម្រាបជូនផងដែរថា លទ្ធផលនៃការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកប្រចាំខេត្តឆ្នាំ ២០២៦ +ផ្នែកកុមារី លេខ១ រដ្ឋបាលស្រុកល្វាឯម លេខ២ រដ្ឋបាលស្រុកស្អាង លេខ៣ រដ្ឋបាលស្រុកកណ្ដាលស្ទឹង។+ផ្នែកកុមារា លេខ១ រដ្ឋបាលស្រុកស្អាង លេខ២ រដ្ឋបាលក្រុងអរិយក្សត្រ លេខ៣ រដ្ឋបាលស្រុកអង្គស្នួល។

អត្ថបទទាក់ទង