+++++++++ខេត្តកណ្តាល៖ រដ្ឋបាលកណ្តាល រួមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស មន្ត្រីរាជការ បានចូលរួមសំអាតអនាម័យបរិស្ថានក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ និងតាមផ្លូវផ្សេងៗទៀត ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”ពិធីនេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។បន្ទាប់ពីអានសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សាមគ្គីដើម្បីទីក្រុងស្អាត"រួចមក ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសម្អាតសំរាម ឱ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អប្រសើរ។ កម្មវិធីនេះដែរក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ យើងចូលរួមសម្អាតអនាម័យទាំងអស់គ្នាដើម្បីភូមិឋានរបស់យើងមានភាពស្អាត សុខភាពល្អជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ។ ពិធីនេះ បានបែងចែកក្រុមការងារជា៤ក្រុម ដែលមានប្រជាពលរដ្ឋសិស្សានុសិស្ស មន្ត្រីរាជការបានរចូលរួមដើម្បីសម្អាតអនាម័យបរិស្ថាន ក្នុងនោះក្រុមទី១៖ ចាប់ផ្តើមពីទីតាំងប្រារព្ធពិធី មកដល់បញ្ជារបង់ប្រាក់កំពង់ចម្លងអរិយក្សត្រក្រុមទី២៖ ចាប់ផ្តើមពីទីតាំងប្រារព្ធពិធី មកដល់វត្តសុវណ្ណសាគរ ក្រុមទី៣៖ ចាប់ផ្តើមពីទីតាំងវត្តសុវណ្ណសាគរ មកដល់វត្តអរិយក្សត្រ (ផ្លូវ៣៨០) និងក្រុមទី៤៖ ចាប់ផ្តើមពីទីតាំងវត្តសុវណ្ណសាគរ មកដល់វត្តឧទុម្ពរ (ផ្លូវ៣៨០)។ក្នុងឱកាសនោះដែរ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង ក្រុងអរិយក្សត្រ មានក្រុមហ៊ុនប្រមូលសំរាម០១ គឺក្រុមហ៊ុន ស៊ិនទ្រី ដែលកំពុងដំណើរការប្រមូលសំរាមក្នុងសង្កាត់ចំនួន ៨ ក្នុងក្រុងអរិយក្សត្រ រួមមាន៖ សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង ដោយឡែក សង្កាត់កោះឧកញ៉ាតី ការប្រមូលសំរាមមានសេវាករឯកជនជាអ្នកប្រមូល និងសង្កាត់ចំនួន៣ ទៀត សង្កាត់ព្រែកក្មេង សង្កាត់បារុង សង្កាត់បាក់ដាវ ដែលមិនទាន់មានសេវាប្រមូលសំរាម។លោកអភិបាលក្រុង បានបន្ថែមថា៖ ក្រុងអរិយក្សត្រ បានអនុវត្តសកម្មភាព សំអាតអនាម័យបរិស្ថានតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព តាមបណ្តាសង្កាត់នីមួយៗ និងសាលាក្រុង ជាប្រចាំ និងសកម្មភាពកាត់សម្អាតស្មៅតាមបណ្តោយផ្លូវ៧០បេ ចាប់ពី សង្កាត់ព្រែកអំពិល រហូតដល់សង្កាត់ពាមឧកញ៉ាអុង និងកាត់ព្រៃស្មៅតាមផ្លូវបេតុងក្នុងភូមិផងដែរ។នៅខែមករា ដើមឆ្នាំ២០២៦នេះ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ បានទទួលពានរង្វាន់ជ័យលាភីលេខ១ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងវស័យបរិស្ថាន ឆ្នាំ២០២៥ និងកាលពីឆ្នាំ ២០២៣ សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ បានទទួលរង្វាន់ជ័យលាភីថ្នាក់ជាតិ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុង ក្របខណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៣ ពីក្រសួងបរិស្ថានផងដែរ។








