+++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលាការផ្សព្វផ្សាយ និងការរៀបចំផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ដល់បុគ្គលិកបម្រើការ ក្នុងសេវាកម្មកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា សិក្ខាសាលានេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលិកបម្រើការក្នុងសេវាកម្មកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាដំណើរការ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ ដូចមានកំណត់ក្នុងកញ្ចប់សេវាព្យាបាលរបស់មូលនិធិសមធម៌ សុខាភិបាល ដែលការចំណាយលើការផ្តល់សេវាថែទាំសុខភាពសម្រាប់ពួកគាត់ ត្រូវប្រើប្រាស់ហិរញ្ញប្បទាន ដោយថវិការដ្ឋ ដែលអាចនឹងចូលរួមចំណែកដល់ការបញ្ចប់បញ្ហាអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីសុខាភិបាល នៃរដ្ឋបាលខេត្ត ខេត្តកណ្តាលមានអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍បានទទួលការថែទាំព្យាបាល នៅមន្ទីរពេទ្យចំនួន ៣កន្លែង គឹមន្ទីរពេទ្យបង្អែកជ័យជំនះ តេជោសែនកោះធំ និងមន្ទីរពេទ្យបង្អែកកៀនស្វាយ មានអ្នកជំងឺអេដស៍ ចំនួន ២៧៧៤នាក់ ក្នុងនោះអ្នកដែលទទួលបាន បណ្ណក្រីក្រ (ក២) ចំនួន ២០៤១នាក ឬប្រមាណ៧៣,៥% នៃអ្នកជំងឺអេដស៍ក្នុងខេត្ត។ សម្រាប់ក្រុមនារីបម្រើសេវាកំសាន្តទេសចរណ៍ មានចំនួន ១០៨៤នាក់ ក្នុងនោះអ្នកមានបណ្ណ សមធម៌៤៥នាក់, បណ្ណ ប.ស.ស ៥នាក់ និងបណ្ណ ម.ស.ស ០នាក់។ ដោយឡែកក្រុមបុរសស្រលាញ់បុរស ក្រុមស្រីស្រស់ និងក្រុមប្លែងភេទ មានចំនួន ៦៣២៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌២៤៤នាក់, បណ្ណ ប.ស.ស ១៣៤២នាក់ និងបណ្ណ ម .ស.ស ០នាក់។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ផ្អែកលើទិន្នន័យដែលបានរាយការណ៍នេះ ខេត្តកណ្តាលតាមរយៈគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ត្រូវខិតខំបន្ថែមទៀតដើម្បីជំរុញ និងរៀបចំនិតិវិធីផ្តល់បណ្ណ ម.ស.ស ឱ្យដំណើរការដោយរលូន ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ និងជាពិសេស មន្ទីរសុខាភិបាល សាខា ប ស ស ខេត្ត និងអង្គការដែលពាក់ព័ន្ធ ដូចជាអង្គការសុខភាពបុរស កម្ពុជា (MHC) សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍ (CWPD) និងអង្គការខាណាជាដើម។នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ ពិភាក្សាផ្លាស់ប្តូរយោបល់ ព្រមទាំងចែករម្លែក បទពិសោធន៍ការងារទៅវិញទៅមក សំដៅជួយជំរុញឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត អាចយកទៅប្រើប្រាស់ក្នុងការបន្តអនុវត្តការងារឆ្លើយតបទៅនឹងការរាលដាលមេរោគ អេដស៍ និងជំងឺអេដស៍ ឈានឆ្ពោះទៅសម្រេចបានជាលទ្ធផលតាមការគ្រោងទុក។










