++++++ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានបញ្ជាក់ថា៖ ប្រព័ន្ធគាំពារសង្គម បាននិងកំពុងបោះជំហានទៅមុខ ស្របតាមកម្មវិធីគោលនយោបាយអាទិភាព និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលបង្ហាញផ្លូវរយៈពេលវែង ក្នុងនោះប្រព័ន្ធសន្តិសុខសង្គម ដែលមានបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដែលជួយដល់សមាជិកក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូលដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងបន្តទៀតថា៖ សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំមន្ទីរ ស្ថាប័ន និងអង្គភាព ក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល បានស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីនីតិវិធីចុះបញ្ជីកា និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅមន្ទីរ ស្ថាប័ន និងអង្គភាពរបស់ខ្លួនផងដែរ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា៖ នៅក្នុងខេត្តកណ្តាល មន្ត្រីរាជការ ដែលចុះបញ្ជីជាមួយ ប.ស.ស. មានចំនួនជាង ៣ម៉ឺននាក់ ប៉ុន្តែក្នុងនោះមានមន្ត្រីរាជការចំនួន ៥ ៦៩៥នាក់ បានយកអ្នកក្នុងបន្ទុករបស់ពួកគាត់មកចុះបញ្ជី ជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត ក្នុងនោះមានសហព័ទ្ធ ចំនួន ៣ ៩៩៧នាក់ និងកូនក្នុងបន្ទុកចំនួន ៧ ៦៩២នាក់។ ជាការពិតណាស់ សម្រាប់មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និងកូន ដែលបានចុះបញ្ជីជាសមាជិក ប.ស.ស. នឹងអាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងទទួលបានប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយបណ្តាលឱ្យបាត់បង់ជីវិត ហើយសម្រាប់ការបង់ភាគទានរបស់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីរាជការ គឺជាបន្ទុករបស់រដ្ឋ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការអនុវត្តប្រព័ន្ធសន្តិសុខសង្គមដើរតួយ៉ាងសំខាន់ ដែលជំរុញឱ្យសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល ដែលប្រែក្លាយឋានៈរបស់កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តមអភិបាលរងខេត្តបានលើកទឹកចិត្តដល់ សមាជិក សមាជិកា សូមចូលរួមស្តាប់បទបង្ហាញពីមន្រ្តីជំនាញមកពីបេឡាជាតិសន្តិសង្គម ដោយការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមលើកជាសំណួរ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យយល់កាន់តែច្បាស់ ត្រឹមត្រូវ និងអាចយកទៅផ្សព្វផ្សាយ ឬពន្យល់ទៅកាន់អ្នកផ្សេងទៀតបានដើម្បីយល់ដឹងបន្ថែមលើរបបសន្តិសុខសង្គម។ លោក គឹម សំភារៈ ប្រធានសាខា ប.ស.សខេត្តកណ្តាល បានបញ្ជាក់ថា៖គិតមកដល់បំណាច់ឆ្នាំ២០២៥ សាខា ប.ស.ស.ខេត្តកណ្តាល មានមូលដ្ឋានសុខាភិបាលដែបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ចំនួន ១៣៩ ក្នុងនោះ៖១-មូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ១១៩២-មូលដ្ឋានសុខាភិបាលឯកជនមានចំនួន ២០ ដើម្បីធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនដល់សមាជិកកប.ស.ស. ដែលទទួលរងហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។








