ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គុ្រយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំកម្មវិធីបញ្ជា្របការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោម ប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដោយបានការអញ្ជើញចូលមកពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា៖ ទិវាជាតិទីក្រុងស្អាតរៀបចំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយ ប្លាស្ទិក ពិសេសចូលរួមដល់ការអភិវឌ្ឍទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា អោយក្លាយជាទីក្រុងប្រកបដោយភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ និងស្នើដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំទិវាជាតិទីក្រុងស្អាតនេះ ឱ្យបានគ្រប់ក្រុង-ស្រុក បើទោះជារដ្ឋបាលស្រុកទាំងអស់មិនពាក់ព័ន្ធក៏ដោយ ប៉ុន្តែត្រូវចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយមុខមាត់ក្នុងមូលដ្ឋានរបស់ខ្លួន និងដល់រដ្ឋបាលខេត្តទាំងមូលផងដែរ។ឯកឧត្តមបានបន្តទៀតថា៖ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបញ្ជា្របការយល់ដឹងអំពីភាពស្អាត និងបៃតង ដល់សាធារណជនទូទៅឱ្យបានយល់ដឹង ហើយក៏ជាការចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣នេះទាំងអស់គ្នា និងដើម្បីអោយការប្រារព្ធទិវាជាតិទីក្រុងស្អាតនេះ ប្រព្រឹត្តធ្វើទៅឡើងដោយជោគជ័យ និងមានការគាំទ្រ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងផុលផុស។






