++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើនអភិបាលខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងព័ត៌មានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ព្រមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨នៃព្រឹទ្ធសភា។ ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់អំពីគោលបំណងនៃដំណើរបំពេញបេសកកម្ម គឺជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនឹង វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីក្នុងខេត្តកណ្តាល ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលអាជ្ញាធរខេត្ត មន្ទីរជំនាញលើកឡើង។ លោកជំទាវ បានស្នើឱ្យអាជ្ញាធរខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធទាំងអស់ លើកឡើងនូវបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន ដើម្បីឱ្យគណៈកម្មការទី៨នៃព្រឹទ្ធសភា រកគន្លឹះដោះស្រាយ និងធ្វើ របាយការជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា ដើម្បីរកវិធីសាស្ត្រ និងស្វែងរកដំណោះស្រាយជូន។ ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វត្តមានរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលបានបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គិតគូរអំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តច្បាប់ គោលនយោបាយនានា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធការងារសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីធ្វើការសិក្សាស្វែងយល់ និងផ្តល់នូវអនុសាសន៍ក្នុងការបំពញេបន្ថែមនូវភាពខ្វះចន្លោះ និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការជួយសម្រួលដល់ការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តម អភិបាលខេត្ត ក៏បាន ជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត និងការរីកចំរើន រួមទាំងបញ្ហាប្រឈមផ្សេងៗមួយចំនួនរបស់ខេត្តផងដែរ។ លោកជំទាវ មាន សំអាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តទាំងអស់ ដែលបានធ្វើសេចក្តីរាយការណ៍ និងបញ្ជាក់បន្ថែមក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពការងារដែលខេត្តសម្រេចបាន ជម្រាបជូនគណៈប្រតិភូគណៈកម្មការ និងបានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងការចូលរួមថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងដែនដីខេត្ត ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅរួមចំណែករក្សាបានស្ថេរភាពនយោបាយដ៏ល្អប្រសើរ។ លោកជំទាវ បានជំរុញដល់រដ្ឋបាលខេត្ត និងមន្រ្តីគ្រប់រូបត្រូវខិតខំប្រឹងប្រែងស្វែងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលបានអនុវត្តកន្លងមក និងជំរុញបន្ថែមលើការងារវិស័យ ទាំង៤នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត និងសូមបង្កើនចំនួនស្រ្តីក្នុងជួររដ្ឋបាលសាធារណះដើម្បីជួយសម្រួលក្នុងការដោះស្រាយវិវាទផ្សេងៗប្រកបដោយប្រសិទ្ធភាពនឹងប្រសិទ្ធផល៕








