រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពី” វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល

++++++++++ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី" វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល។ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺសំដៅ លើសិក្ខាកាម ប្រមាណ ១១៦ រូប ដែលអញ្ជើញមកពីរដ្ឋបាលស្រុកចំនួន៖ ០៤ គឺស្រុកមុខកំពូល, ស្រុកពញាឮ, ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ដែលជាអ្នកពាក់ព័ន្ធនឹងមានតម្រូវការក្នុងការងារដោះស្រាយវិវាទដីធ្លីតាមបណ្តា ក្រុង-ស្រុក ដែលនឹងត្រូវបានទទួលការបណ្តុះបណ្តាលបន្ថែមសម្រាប់ការងារខាងលើនេះ។ ឯកឧត្តមបន្តថា៖ កិច្ចការងារខាង លើនេះរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការ សម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅខេត្តកណ្តាល។ ឯកឧត្តមបានបន្ថែមថា៖រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តគោលដៅមុនគេបង្អស់ ដែលបាន ចុះអនុស្សារណៈខាងលើ និងក៏ជាខេត្ត ដែលពោរពេញទៅដោយ ស្ថានភាពនៃការផ្តល់សេវាខ្ពស់ និងច្រើនហើយក៏មានគ្រប់រាល់បញ្ហាជាច្រើន ដែលរដ្ឋបាលខេត្តបានជួប នាពេលកន្លង ដែលជាចំណុចល្អដែលត្រូវអនុវត្តលើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ។ ឯកឧត្តមបាន បញ្ជាក់ទៀតថា៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែល ហៅកាត់ថា (អដក) នេះពិតជាមានសារៈសំខាន់ណាស់ គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការ ដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូល ដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ផងដែរ។ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល នាឱកាសនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ស្នើសុំឱ្យ លោក លោកស្រី ខិតខំធ្វើការយកចិត្តទុកដាក់ ចូលរួមក្រែបយកចំណេះជំនាញសម្រុះសម្រួលវិវាទនេះ និងធ្វើការចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមចំពោះការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជាការចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ក៏ដូចជាមូលដ្ឋានសម្រាប់ អ.ដ.ក. ក្នុងការសិក្សារៀបចំ និងដាក់ចេញនូវសេចក្តីណែនាំ គោលនយោបាយ ឬបទដ្ឋានគតិយុត្តគាំទ្រដល់ការអនុវត្តយន្តការនេះនាពេលអនាគត និងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបានបន្តថា៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ/ សង្កាត់ ស្រុក/ ខណ្ឌ ខេត្ត/ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។ លោកជំទាវបានបញ្ជាក់ទៀតថា៖ ផ្អែកតាម លទ្ធផលលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ កន្លងមក អ.ជ.ក. ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ពិសេស ការសាទរពីប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ពួកគាត់ផងដែរ។

អត្ថបទទាក់ទង