រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ សម្រាប់អនីតិជនទំនាស់នឹងច្បាប់ នៅខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ សម្រាប់អនីតិជនទំនាស់នឹងច្បាប់ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា បានបញ្ជាក់ថា៖ សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់នឹងអត្ថប្រយោជន៍មន្ត្រីរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ភ្នាក់ងារសង្គមកិច្ច មន្ត្រីសង្គមកិច្ចក្រុង ស្រុក ដើម្បីចូលរួមអនុវត្តការងារ យុត្តិធម៌អនីតិជនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមបន្តថា៖គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដេីម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម លេីការងារយុត្តិធម៌អនីតិជន និងផ្សព្វផ្សាយអំពីការដោះលែងដោយមានលក្ខខណ្ឌ។ ឯកឧត្តមបានបន្ថែមថាថា៖ សិក្ខាកាមដែលទទួលបានវគ្គបណ្ដុះបណ្ដាលនៅ ថ្ងៃនេះសូមយកចិត្តទុកដាក់ត្រង់ប្រាប់ស្ដាប់ព្រោះសិក្ខាសាលានេះនឹងជួយដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងនីតិវិធី ឯកសារស្វែងយល់ជាចំណេះដឹងបន្ថែម លើការគាំទ្រទៅដល់ដំណើរការនៃការបង្វែរ អនីតិជន និងការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីឈានទៅបង្កើនការអនុវត្តវិធានការនេះបន្ថែមទៀត និងជាឧត្តមប្រយោជន៍របស់អនីតិជន ដើម្បីផ្តល់ឱកាសដល់ពួកគាត់ក្នុងការកែប្រែ នឹងបន្តខិតខំបន្ថែមទៀតលើកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ។ ថ្លែងក្នុងពិធីនេះដែរឯកឧត្តម គ្រុយ ម៉ាឡែនអភិបាលរងខេត្តកណ្ដាល បានថ្លែងថា៖សិក្ខាសាលាពង្រឹងសមត្ថភាពថ្ងៃនេះ មានរយៈពេល ១ថ្ងៃពិតមែន ប៉ុន្តែសិក្ខាកាមយើងទាំងអស់គ្នា នឹងទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេស ដើម្បីបន្តធ្វើកិច្ចការងារនេះរួមគ្នា ជំនះរាល់ឧបសគ្គ ដើម្បីជាឧត្តមប្រយោជន៍ទៅដល់កុមារ។ ឯកឧត្តមអភិបាលរងខេត្ត បន្ថែមទៀតថា៖ ក្រោយពីបានទទួល វគ្គសិក្ខាសាលាពង្រឹងសមត្ថភាពនេះ យើងទាំងអស់គ្នានឹងមានការយល់ដឹងប្រសើរជាងមុន ហើយចូលរួមសហការអនុវត្តន៍នូវវិធានការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ ឱ្យបានកាន់តែល្អ និងប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់មានដូចជា៖ សាលាដំបូងខេត្ត មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មេធាវី អង្គការសង្គមស៊ីវិល ការិយាល័យអប់រំក្រុង/ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហការអនុវត្តន៍នូវវិធានការបង្វែរ និង ការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារដែលទំនាស់នឹងច្បាប់ ក្នុងគោលបំណង ឱ្យពួកគាត់ទទួលបាននូវជម្រើសផ្សេងៗ ក្រៅពីការឃុំខ្លួន ឬជាប់ពន្ធនាគារ ក៏ដូចជាការបញ្ចៀសនូវការកកស្ទះ ណែនអនីតិជននៅក្នុងពន្ធនាគារ បានត្រឡប់ទៅក្រុមគ្រួសារ សិក្សារៀនសូត្រ ឬទទួលនូវការបណ្តុះបណ្តាល ជំនាញផ្សេងៗ សម្រាប់ប្រើប្រាស់នាពេលអនាគត និងដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ប្រកបដោយធនធានដ៏មាន សារៈសំខាន់របស់ប្រទេសជាតិនៃយើង៕

អត្ថបទទាក់ទង