ខេត្តកណ្តាល៖ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានបិទវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី អាជ្ញាធរក្រុងស្រុកទាំង១៣ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ៖ លោក នឹម នីរ៉ាដេត ក៏បានថ្លែងនូវការកោតសរសើរចំពោះសិក្ខាកាម ដែលបានត្រង់ត្រាប់ ស្ដាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងរំលឹកឡើងវិញដល់រដ្ឋបាលឃុំ សង្កាត់ អំពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងការរៀបចំកិច្ចដំណើរការលទ្ធកម្មគម្រោងឱ្យប្រព្រឹត្តទៅស្របតាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ និងដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី-ភារកិច្ចរបស់អ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធផ្ទាល់សំខាន់ៗរួមមាន ទីចាត់ការផែនការ និងវិនិយោគខេត្ត ការិយាល័យគាំទ្រឃុំសង្កាត់នៃរដ្ឋបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់និងស្មៀន មន្រ្ដីគាំទ្របច្ចេកទេសខេត្ត អ្នកទទួលការ ព្រមទាំងអ្នកទទួលផលនៅមូលដ្ឋានមួយចំនួនដែលជាអ្នកអនុវត្ត នៅមូលដ្ឋានជាប្រចាំ ដើម្បីជាការឆ្លើយតបក៏ដូចជាឱ្យស្របទៅតាមគោលការណ៍បែបបទ និងនិតិវិធីក្នុងការអនុវត្តគម្រោង នៃមូលនិធិឃុំ/សង្កាត់ប្រចាំឆ្នាំ៕









