រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

+++++++++++++ខេត្តកណ្តាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវប្រធានក្រុមកាកបាទក្រហម មន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ និងមន្រ្តីពាក់ព័ន្ធផងដែរ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង ១៣ មន្ត្រីប្រចាំការ និងបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក លោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជួយឧបត្ថមគាំទ្រ ដើម្បីឱ្យសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗក្នុងមូលដ្ឋានខេត្តកណ្ដាល។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ជាពិសេសត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាព។បន្ថែមពីលើនេះ ឯកឧត្តម គួច ចំរើន បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្ម មនុស្សធម៌ កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ទន្ទឹមនោះត្រូវខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ហើយពង្រឹងការគ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាព។

អត្ថបទទាក់ទង