++++++++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ក្រោមអធិបតីភាពលោកជំទាវ លឹម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ជូនដល់ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ និងស្មៀន ទាំង១២៧ និងអ្នកពាក់ព័ន្ធជាច្រើននាក់ នៅសាលាខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកជំទាវ លឹម មុយឡេង បានលើកឡើងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានអាទិភាពគន្លឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។លោកជំទាវរដ្ឋលេខាធិការ បន្តថា៖ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលជាគោលនយោបាយថ្មីនេះ គឺជាផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយមួយ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជា ហើយគោលនយោបាយនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា៖ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥នេះ ផ្តោតសំខាន់ទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នាដូចជា៖ តំបន់ទំនាប កណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ តំបន់ខ្ពង់រាប និងភ្នំ ដើម្បីអភិវឌ្ឍ តំបន់ទាំងនោះឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែន ដើម្បីកសាងព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយបានកំណត់ចក្ខុវិស័យ "កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងមានគោលបំណងធ្វើឱ្យ ប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាព ធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងកំណត់គោលដៅសំខាន់ៗចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិ យាបន្ន៖ ១. តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា។ ២. ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វែង។ ៣. ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្តនិងបរិស្ថានល្អ។ ៤. ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម តាំង ម៉េងលាន អផិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ ដោយការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញឱ្យវិស័យការងារអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្តកណ្តាលមានការរីកចម្រើនគួរជាទីមោទនៈ ពិសេសការងារថែទាំ ជួសជុលផ្លូវ និងការងារលើកកម្រិតគុណភាពផ្លូវតាមរយៈការប្តូរកម្រាលផ្លូវដីស និងក្រួសក្រហម ទៅជាកម្រាលបេតុង និងផ្លូវកម្រាលកៅស៊ូពីរជាន់(DBST)។








