រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តកណ្តាល

+++++++ខេត្តកណ្តាល៖ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបាន រៀបចំឡើងនេះ គឺដើម្បីពង្រឹងសមត្ថភាពជូនដល់រដ្ឋបាលក្រុង ស្រុក ឡើងវិញចំពោះ ការរៀបចំ និងការអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ ចំពោះវគ្គនេះផងដែរ គឺប្រើត្រឹមតែពេល ២ថ្ងៃប៉ុណ្ណោះ ដែលផ្តោតទៅលើនីតិវិធីនៃការរៀបចំគម្រោង និងការអនុវត្តគម្រោង នៅកម្រិតឃុំ សង្កាត់។ ឯកឧត្តមបានបន្ថែមថា៖ មូលនិធិឃុំ សង្កាត់ គឺជាការប្រើប្រាស់ថវិកាមួយផ្នែក ដែលទទួលបានមកពីការវិភាជន៍សារពើពន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ចំណាយផ្នែក រដ្ឋបាល ចំណាយផ្នែកសេវាសង្គម អនាម័យបរិស្ថាន និងចំណាយផ្នែកអភិវឌ្ឍឬហៅថាចំណាយមូលធន ផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់។ ហើយមូលនិធិផ្នែកអភិវឌ្ឍន៍ ត្រូវបានចំណាយសម្រាប់ដំណើរការកិច្ចអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈការរៀបចំ និងការអនុវត្តគម្រោងនានា ដែលមានដូចជា ប្រភេទគម្រោង សេវាកម្ម ឬអរូបវន្ត ប្រភេទគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងមធ្យម ជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ដើម្បីឆ្លើយតបក្នុងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើត គម្រោង និងអនុវត្តគម្រោង ជាពិសេសប្រភេទគម្រោងហេដ្ឋារចនាសម្ព័ន្ឋនៅថ្នាក់ក្រោមជាតិ ឱ្យមានសុខដុមណីយ៍កម្ម នៅក្នុងក្របខ័ណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានទីចាត់ការផែនការវិនិយោគខេត្ត ជាសេនាធិការជូនគណៈអភិបាលខេត្ត លើកិច្ចការងារទាំងនេះ ឱ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបទៅនិងតម្រូវការរបស់មូលដ្ឋាន។ ឯកឧត្តមបានស្នើដល់អ្នកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះពេលត្រលប់ទៅវិញ ក្រុង ស្រុក ត្រូវយកចំណេះដឹងទាំងនេះទៅធ្វើការផ្សព្វផ្សាយបន្តជូនដល់ឃុំ សង្កាត់ របស់ខ្លួនរៀងៗខ្លួន ពិសេសគឺស្នើសុំឱ្យភាគីដែលពាក់ព័ន្ធ ខិតខំធ្វើយ៉ាងណា គឺការរៀបចំគម្រោងឱ្យបានទាន់ពេលវេលា រីឯការអនុវត្តវិញក៏ត្រូវតែទទួលបាន នូវគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ។សូមបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ មានសរុបចំនួន ៤១គម្រោង បានអនុវត្ត ចប់១០០%ទាំង៤១គម្រោង។ ក្នុងនោះគម្រោងក្រុងស្រុក២០២៥៖ មានគម្រោងសរុប២៧គម្រោង បានអនុវត្តចប់១០០%ទាំង២៧ គម្រោង។ គម្រោងឃុំសង្កាត់២០២៥៖ មានគម្រោងសរុប ១៨០គម្រោង ក្នុងនោះ៖បានអនុវត្តចប់១០០% ចំនួន ៩៥គម្រោង កំពុងអនុវត្ត ចំនួន ៨១គម្រោង មិនទាន់បានអនុវត្ត ចំនួន៤គម្រោង៕

អត្ថបទទាក់ទង