ខេត្តកណ្តាល៖ យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចួលរួម បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើនៅច្រមុះជ្រូក សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វិស័យកីឡា ពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាព ផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ក្រៅពីការពង្រឹងសាមគ្គីភាព និងមិត្តភាព កីឡាក៏រួមចំណែកដល់ ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តិបញ្ហាសង្គមនានា ដូចជាការ ប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា, រក្សាបាននូវកម្លាំងកាយរឹងមាំ និងការលើកកម្ពស់សុខភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់បង្កើនផលិតភាពពលកម្ម និង ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។









