ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំការរៀបចំកម្មវិធីរត់អបអរសាទរ ទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ គោលបំណង នៃការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌ ពិសេស ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី “បុណ្យសង្សារ” ទៅជាថ្ងៃនៃការបង្ហាញពីក្តី ស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ៕








