រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកណ្តាល ក្រោមអធិបតី លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការខេត្ត គ.ខ.ប.ជ ក៏បានជំរុញបន្ថែមដល់ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាព ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេសត្រូវផ្សព្វផ្សាយបំផុសឲ្យបានញឹកញាប់ ចំពោះមូលដ្ឋានភូមិ-ឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើន។ក្នុងកិច្ចប្រជុំនេះ លោកជំទាវ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាបទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស បានយ៉ាងមានប្រសិទ្ធភាព។លោកជំទាវ អភិបាលរងខេត្ត បានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ជាធាតុចូលទៅលើរបាយការណ៍ក្នុងកិច្ចប្រជុំ ដើម្បីធានាថាមានភាពច្បាស់លាស់ និងត្រឹមត្រូវ ។ ពិសេសសូមអង្គប្រជុំទាំងមូល ផ្ដល់ជាមតិយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ជាងនេះទៅទៀត ក្រុមការងារនីមួយៗត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារទាំងអស់គ្រប់គ្រងឲ្យបាននូវចំនួនពលករដែលត្រឡប់មកពីថៃ ត្រូវជួយសម្រួលផ្តល់ឯកសារជូនពួកគាត់ដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតជាដើម ពិសេសត្រូវជួយរកការងារជូនពួកគាត់ស្របទៅតាមជំនាញ ហើយប្រសិនបើពួកគាត់មានកូនគ្រប់អាយុចូលរៀន ក៏សូមឲ្យអាជ្ញាធរជួយសម្រួលឲ្យពួកគាត់បានចូលរៀនបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង