++++++++++++++++ខេត្តកណ្តាល៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,១៥៤ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួង ឃុំកោះចិន ឃុំពញាឮ ឃុំឃ្លាំង និងឃុំទំនប់ធំ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកពញាឮ។ ដែលពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អាជ្ញាធរស្រុកពញាឮ មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលនឹងខិតខំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់មុនចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតីក្នុងការជម្រុញការចុះបញ្ជីដីធ្លីនេះជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ដើម្បីសំរេចតាមផែនការនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើអាជ្ញាធរស្រុក ភូមិ ឃុំសូមផ្សព្វផ្សាយ និងលិខិតអញ្ជើញជូនបងប្អូនប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីបានដល់ដៃគ្រប់ៗគ្នា។ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ បញ្ជាក់បានថាដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ដីមានសុវត្ថិភាពទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ជាដើម។ឯកឧត្តម គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ ដោយពេលនេះរដូវក្តៅកំពុងតែឈានចូលមកដល់ អាចបង្កជាគ្រោះអគ្គីភ័យ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទានធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅតាមលំនៅឋាន តាមស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទានធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការហានិភ័យអគ្គិភ័យកើតឡើង ដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។ បន្ថែមពីលើនេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចរាចរណ៏ ត្រូវបន្តខិតខំដាកចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងមូលដ្ឋានខេត្តកណ្តាលមានការថយចុះជាលំដាប់។នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាលរបស់យើង ដែលបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺជាការយល់ឃើញដ៏ត្រឹមត្រូវ អំពីគុណតម្លៃនៃសន្តិភាព។ ក្នុងនាមយើងជាប្រទេសតូច កិច្ចការដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺការការពារប្រទេសតាមរយៈការទូត តាមរយៈច្បាប់អន្តរជាតិ។ ដូច្នេះយើងត្រូវតែផ្តល់ការគាំទ្រដល់ពេញទំហឹង ដើម្បីឱ្យជរដ្ឋាភិបាលរបស់យើង មានលទ្ធភាពមានទំនុកចិត្ត បន្តបេសកកម្មរបស់ខ្លួនលើការងារការទូត ច្បាប់ និងសិទ្ធិការពារខ្លួន សំដៅការពារនូវបូរណភាពទឹកដីរបស់យើងបានគង់វង្ស និងរឹងមាំ។







