រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើ និងការពារប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នាព្រឹកថ្ងៃទី២៦ ខែកមរា ឆ្នាំ២០២៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការហ្វឹកហាត់របស់យើងនៅពេលនេះគឺជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីមកបម្រើ និងការពារប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ ទើបយើងអាចការពារបូរណភាពទឹកដី និងបន្តថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងបានយ៉ាងល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា៖ បេក្ខជនគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ២២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កងរាជអាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ និងជូនដំណើរទៅហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នាពេលនេះ។

អត្ថបទទាក់ទង