+++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តគម្រោងឆ្នាំ២០២៥-២០២៦ របស់រដ្ឋបាលខេត្ត ក្រុង -ស្រុក ឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីជំរុញដល់មន្ទីរជំនាញ រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ជួយពន្លឿដល់ការអនុវត្តគម្រោងអភិវឌ្ឍន៏នានារបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ក្រៅពីការខិតខំអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ត្រូវធានាថាគម្រោងទាំងគឺមានគុណភាពខ្ពស់ ហើយរាល់គម្រោងអភិវឌ្ឍន៏របស់ឃុំ-សង្កាត់ ក្រុង-ស្រុកត្រូវមានការទទួលខុសត្រូវ ស្របទៅតាមគោលការណ៍ និងច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះ ដើម្បីជំរុញការអនុវត្តគម្រោងមូលនិធិមូលឃុំ-សង្កាត់ ឱ្យបានលឿន រដ្ឋបាលក្រុង-ស្រុកត្រូវដេញថ្លៃគម្រោងឱ្យបានចប់រួចរាល់ត្រឹមខែ២ និងត្រូវចាប់ផ្តើមអនុវត្តគម្រោង នៅខែ៣ឬខែ៤ ។ឯកឧត្តមអភិបាលរងខេត្ត បញ្ចាក់ថា យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឆ្នាំ ២០២៦នេះ រាល់ការងារពាក់ព័ន្ធនិងគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រុង-ស្រុក ទាំងការងារកសាងផែនការការរៀបចំគម្រោង ការអនុវត្តគម្រោងនានា និងការដេញថ្លៃគម្រោងជាដើម គឺក្រុង-ស្រុកជាអ្នកអនុវត្តដោយខ្លួនឯងឱ្យបានត្រឹមត្រូវ ល្អប្រសើរ ស្របទៅតាមច្បាប់កំណត់ ដោយមិនចាំបាច់ស្នើសុំមកខេត្តទៀតឡើយ ហើយទីចាត់ការផែនការ និងវិនិយោគខេត្ត គឺមានតួនាទីចុះត្រួតពិនិត្យគុណភាពរបស់គម្រោងនីមួយៗនៅតាមបណ្ដាក្រុង-ស្រុកនានា។ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ខ្លួន ឱ្យបានលឿន និងមានគុណភាព ហើយរដ្ឋបាលខេត្តនឹងជួយគាំទ្រតាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ជូនដល់រដ្ឋបាលក្រុង-ស្រុកឃុំ-សង្កាត់ក្នុងខេត្តកណ្ដាលទាំងមូលបន្ថែមទៀត នៅចុងខែមករា ឬដើមខែកុម្ភះឆ្នាំ២០២៦ ខាងមុខនេះ សំដៅជួយជំរុញឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ទៅលើការអនុវត្តគម្រោងរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របទៅតាមផែនការដែលបានគ្រោងទុក។









