++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ និងផ្តល់ឱកាសជូនដល់មន្ត្រីពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ បានចែករំលែកនូវមេរៀនបទពិសោធន៍ ក្នុងអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងអង្គភាពរបស់ខ្លួន និងទិសដៅបន្តនិរន្តរភាព លើការអនុវត្តការងារគណនេយ្យភាពសង្គមទៅថ្ងៃអនាគត់កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការអនុវត្តការងារគណនេយ្យភាពសង្គម ជាធាតុផ្សំមួយនៃដំណើរការកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដែលធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានចក្ខុវិស័យ និងទិសដៅច្បាស់លាស់ ប្រៀបបីដូចជាកញ្ចក់ឆ្លុះបញ្ចាំងរវាងគ្នានិងគ្នា តាមរយៈផ្នែកផ្គត់ផ្គង់(អ្នកផ្តល់សេវា) និងផ្នែកតម្រូវការ(អ្នកទទួលសេវា) បានជួបពិគ្រោះយោបល់ មានការស្រាយបំភ្លឺ និងមានការឆ្លើយតប សំដៅរួមគ្នាធ្វើការដោះស្រាយ។ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ការអនុវត្តគណនេយ្យភាពសង្គមនៅរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា បានចូលរួមអនុវត្ត ក្នុងការផ្តល់សេវាបានរហ័ស និងមានប្រសិទ្ធិភាពជូនដល់ប្រជាពលរដ្ឋ តាមរយៈឥរិយាបថជាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ហើយចំណេះដឹងប្រជាពលរដ្ឋក៏ត្រូវបានលើកកម្ពស់ និងការចូលរួមពីសាធារណជន ក៏កាន់តែមានភាពសកម្ម ក្នុងដំណើរការអភិវឌ្ឍនៅតាមមូលដ្ឋានផងដែរ។នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព ព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមទាំងអស់ ត្រូវខិតខំធ្វើការ និងផ្តល់កិច្ចសហការ រវាងគ្នានិងគ្នាឱ្យកាន់តែល្អប្រសើរ ពីព្រោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះខេត្តកណ្តាល មានអង្គភាពគោលដៅអនុវត្តគម្រោងកម្មវិធីគណនេយ្យភាពសង្គម នៅតាមរដ្ឋបាលឃុំ-សង្កាត់ទាំង១២៧ នៅសាលាបឋមសិក្សាមានចំនួន ៣៦៥សាលា និងនៅតាមមណ្ឌលសុខភាពមានចំនួន ១១០ និងបានអនុវត្តនៅតាមរដ្ឋបាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាល។








