--------------------------------មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំ ដល់អាជ្ញាធរស្រុក-ក្រុង កងកម្លាំងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចស្នូល បំរើសេវាសាធារណៈ ជូនប្រជាជន និងដោះបញ្ចប់គ្រប់រឿងក្នុងមូលដ្ឋានខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កុំទុកឱ្យមានរឿងរំខានដល់ថ្នាក់ដឹកនាំខាងលើ ដែលកំពុងមមាញឹកខិតខំដោះស្រាយការងារការពារប្រជាជន អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសជាតិយើង។ បន្ថែមពីនោះអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ក្នុងខេត្តកណ្ដាលឱ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មន្ទីរពេទ្យមណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ អជ្ញាធរក្រុង-ស្រុក ត្រូវខិតខំបន្តចុះបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ ដល់អជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ អាជីវករ អោយ មានការយល់ដឹង ចេះដោះស្រាយ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមទប់ស្កាត់បង្ការ កុំអោយ មានអគ្គីភ័យឆាបឆេះ បញ្ជៀសកុំអោយមានការខាតបង់ ទ្រព្យសម្បត្តិ ផ្ទះសម្បែង ពិសេសរងរបួសឬបាត់បង់នូវអាយុជីវិត ហើយត្រូវធ្វើផែនទីកំណត់ នូវគោលដៅងាយរងអគ្គីភ័យឆាបឆេះ ដូចជាស្ថានីយប្រេងឥន្ធនៈ អាជីវកម្មធ្វើក្រដាស ជ័រប្លាស្ទិក ជាដើម ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ក្នុងករណីមានអគ្គីភ័យឆាបឆេះកើតទ្បើង ក្នុងរដូវធ្លាក់ខ្យល់ និងក្តៅនេះ។







