+++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំគម្រោងអភិវឌ្ឍន៍ក្រុង-ស្រុករបស់ខ្លួន ដោយការទទួលខុស ដោយមានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ធ្វើជាសេនាធិការ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការងារពាក់ព័ន្ធនិងគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រុង-ស្រុក ទាំងការងារកសាងផែនការការរៀបចំគម្រោង ការអនុវត្តគម្រោងនានា និងការដេញថ្លៃគម្រោងជាដើម គឺក្រុង-ស្រុកជាអ្នកអនុវត្តដោយខ្លួនឯងឲ្យបានត្រឹមត្រូវ ល្អប្រសើរ ស្របទៅតាមច្បាប់កំណត់ ដោយមិនចាំបាច់ស្នើសុំមកខេត្តទៀតឡើយ ហើយទីចាត់ការផែនការ និងវិនិយោគខេត្ត គឺមានតួនាទីចុះត្រួតពិនិត្យគុណភាពរបស់គម្រោងនីមួយៗនៅតាមបណ្ដាក្រុង-ស្រុកនានា។ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ខ្លួនឲ្យបានលឿន និងមានគុណភាព ជាពិសេសការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាឡើងដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានលឿនទាន់ពេលវេលា ជាពិសេសត្រូវធានាថាគម្រោងទាំងអស់ត្រូវតែមានគុណភាព និងសាងសង់បានរួចរាល់ទាន់ពេលវេលា។ ជាងនេះទៅទៀតត្រូវរៀបចំបញ្ជីប៉ាន់ស្មានតម្លៃឲ្យបានលឿនផងដែរ សម្រាប់ឆ្នាំ ២០២៦នេះ ដើម្បីសុំការអនុលោមភាពគម្រោងឲ្យបានឆាប់រហ័ស។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជុំរុញដល់រដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំអនុវត្តគម្រោងឆ្នាំ ២០២៥ ឲ្យបានលឿន ត្រូវផ្ដល់ជារបាយការណ៍មករដ្ឋបាលខេត្តចំពោះគម្រោងដែលបានអនុវត្តហើយ និងគម្រោងដែលមិនទាន់អនុវត្ត បន្ថែមពីលើនេះ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អពីមួយឆ្នាំទៅមួយឆ្នាំ។








