រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៩ភូមិ ស្ថិតនៅឃុំទំនប់ធំ ឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួង ឃុំឈ្វាំង ឃុំកោះចិន ស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ពីរដ្ឋបាលខេត្តកណ្ដាល

++++++++++++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋចំនួន ១៩ភូមិ សរុបចំនួន ១០ ១៩០ បណ្ណ ស្ថិតនៅឃុំទំនប់ធំ ឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួង ឃុំឈ្វាំង ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមគណៈធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុកពញាឮ ខេត្តកណ្ដាល។មានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ មករំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ មន្ត្រីរាជការនៃរដ្ឋបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ដែលតែងបានយកចិត្ដទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បំពេញភារកិច្ចការងារជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីជាប្រព័ន្ធ រហូតឈានដល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាពេលនេះ។ ដែលនេះគឺជាការរួមចំណែកប្រកបដោយមោទនភាព ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី។លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ថ្ងៃនេះគឺជា លើកទី២៥៩ ស្មើនឹង ៣៦៦ ៥៧៦ បណ្ណ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ។ ហើយការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ចំនួន ១៩ ភូមិ រួមមាន៖ ភូមិស្រែតាមែង, ភូមិស្ពានទំលាប់, ភូមិស្ដុកឈូក,ភូមិស្រែតាសេក, ភូមិស្វាយលាប, ភូមិត្រពាំងជ្រៅ, ភូមិអញ្ចាញ នៃឃុំទំនប់ធំ។ ភូមិថ្លុកត្របែក, ភូមិត្រពាំងស្លែង, ភូមិក្បាលស្ពាន, ភូមិក្រោលខៀវ នៃឃុំភ្នំបាត។ ភូមិម្លូម៉ឺន, ភូមិចំបក់មាស, ភូមិជ័យឧត្តម នៃឃុំផ្សារដែក។ ឃុំវិហារលួង។ ភូមិឈ្វាំង និងភូមិព្រៃផ្ចឹក នៃឃុំឈ្វាំង និងភូមិថ្នល់បត់ នៃឃុំកោះចិន សរុបចំនួន ១០ ១៩០ បណ្ណ។

អត្ថបទទាក់ទង