+++++++++++ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល និង មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន ០៨ភូមិ គឺភូមិក្តីចាស់ សង្កាត់ព្រែកលួង ភូមិឃ្លាំងមឿងជើង ភូមិឃ្លាំងមឿងត្បូង ភូមិព្រែកក្របៅទី១ ភូមិព្រែកក្របៅទី២ ភូមិ ព្រែកក្របៅទី៣ ភូមិព្រែកដូនហែម និងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលមានក្បាលដីសរុប(១១ ៨៥៩ ក្បាលដី) ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល បានអោយដឹងថា៖ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្របទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ ឯកឧត្តមបានបន្ថែមថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវហើយប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ការបិទផ្សាយនៃការចុះបញ្ជីដីដីធ្លី ទាំង៨ភូមិនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន។ តាមរបាយការណ៍របស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ ចំពោះក្រុងអរិយក្សត្រ៖ បិទផ្សាយ រហូតមកដល់ពេលនេះបានចំនួន ១៥លើកស្មើនឹង ៤២ភូមិ (បិទផ្សាយចប់ជាស្ថាពរ) និងសម្រេចចេញបណ្ណបាន ២៩ភូមិ ស្មើនឹង ២៧ ៣៣០ បណ្ណ រួចហើយ និងសម្រាប់ខេត្តកណ្តាលទាំងមូល៖ បិទផ្សាយបាន ៣២២លើក (បិទផ្សាយចប់ ទូទាំងខេត្តកណ្តាល) សរុប ១ ០០៧ភូមិ ចេញបណ្ណបាន ៥៣៣ ៦០៨បណ្ណ ស្មើនឹង ៧១៦ភូមិ៕









