ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្គង់វីរៈកងទ័ពសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលមានរយៈពេល ៥ ថ្ងៃមកនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ ដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យការកែច្នៃផលិតផលជលផល ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្គង់វីរៈកងទ័ពសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស ក្នុងស្រុកពញាឮ ដែលបានស្ម័គ្រចិត្តចូលរួមធ្វើការកាត់ត្រី ឆ្អើរត្រី សម្រាប់ផ្គត់ផ្គង់ដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ ដែលកំពុងឈរជើងរឹងមាំការពារបូរណភាពទឹកដី និងជនភៀសសឹកនិងដើម្បីបណ្តុះកម្លាំងសាមគ្គី ឯកភាព ខ្មែរតែមួយ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ តាមរយៈនៃការសាមគ្គីគ្នារវាងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននៅពេលនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើង ក្នុងការការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។ លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ បានអីដឹងថា យុទ្ធនាការកម្លាំងសាមគ្គីចូលរួមកែច្នៃផលិតផលជលផលប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្ទង់វីរៈកងទ័ពសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក រដ្ឋបាលស្រុកពញាឮ បានសហការជាមួយ រដ្ឋបាលជលផលកណ្ដាល ធ្វើយុទ្ធនាការនេះមានរយៈពេល៥ថ្ងៃហើយ ហើយជាលទ្ធផលបានធ្វើការឆ្អើរត្រីបានជាង ១ម៉ឺន ចង្កាក់ហើយត្រីប្រហុកបានប្រមាណជិត ៤ តោន ដែលនឹងត្រូវរៀបចំផ្ដល់ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីបញ្ជូនទៅដល់បងប្អូនជនភៀសសឹក និងវីរៈកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ នៅសមរភូមិមុខ។








