រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ចំនួន៥,៥៥៣ប័ណ្ណ ក្នុងភូមិចំនួន៥ នៃសង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្តាល ផ្ដល់ជូនប្រជាពលរដ្ឋ

++++++++++++++++++++++ខេត្តកណ្ដាល៖ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ សរុបចំនួន ៥,៥៥៣បណ្ណ ស្ថិតនៅភូមិព្រែកមេស្រុក ភូមិព្រែកលោក ភូមិចុងព្រែក ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តម មាន ចន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណ វត្តកោះវាំងកែវអណ្តែត ស្ថិតនៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីចែកបណ្ណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនាពេលនេះ​ ប្រសិនបើគ្មានការរួមចំណែក និងចូលរួមនេះទេ យើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល​ បានស្នើដល់បងប្អូនពេលបានបណ្ណហើយ សូមយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់ចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់នៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលដែលនៅសល់ឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។ សូមបញ្ជាក់ថា៖ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ៣០២ ភូមិ មាន២៨៩ ៨៧៥ ក្បាលដី និងកំពុងត្រៀមបិទផ្សាយបញ្ចប់ចំនួន ៨ភូមិ ស្ថិតក្នុងក្រុងអរិយក្សត្រ នៅចុងឆ្នាំ២០២៥ ដែលមានចំនួន ៨ ៩៨៦ ក្បាលដី ។បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៦៩៧ភូមិ ស្មើនឹង ៥២៣ ៤១៨ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៥៨ លើក ស្មើនឹង ៣៦៤ ៩៥២ បណ្ណ ។ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាថ្ងៃនេះគឺជា លើកទី២៥៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ។

អត្ថបទទាក់ទង