រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរ ប្រជាពលរដ្ឋរស់នៅក្រុងអរិយក្សត្រ ពិសេសប្រជាពលរដ្ឋនៅអមសងខាងផ្លូវជាតិលេខ៧០B ទទួលបានផ្លូវបេតុងថ្មី និងដាក់ប្រព័ន្ធលូអមសងខាងផ្លូវ ពីរដ្ឋបាលខេត្តកណ្ដាល

+++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៧០B ប្រវែង១១គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ និងដាក់លូមុខកាត់ទំហំ១ម៉ែត្រ អមសងខាងផ្លូវ ចាប់ពីភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ដល់ភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ដែលជាគម្រោងឯកជនភាវូបនីយកម្ម អនុវត្តដោយ ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននេះដែរ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះស្ថានការណ៍នៅព្រំដែន កម្ពុជា-ថៃ កំពុងស្ថិតក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស តែទោះបី ស្ថានការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏កម្ពុជាយើងមិនបោះបង់ចោលនូវការចរចារ និងការដោះស្រាយដោយសន្តិវិធីដែរ។ ទន្ទឹមនឹងនេះ ការបើកការដ្ឋានសាងសង់ ផ្លូវនៅថ្ងៃនេះ ក៏ជាសារមួយបញ្ជាក់ថា ទោះបីជានៅព្រំដែនមានបញ្ហា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង អភិវឌ្ឍផ្ទៃក្នុងប្រទេស មិនអាកខានឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវជាតិលេខ៧០B ពិសេសប្រជាពលរដ្ឋឆ្លងកាត់តាមផ្លូវនេះ សូមសហការជាមួយក្រុមហ៊ុនសាងសង់ផ្លូវ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យ ក្នុងកំឡុងពេលនៃការសាងសង់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ពិសេសការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ ដែលបានទទួលការសាងសង់ កំណាត់ផ្លូវជាតិលេខ៧០B ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ទាំងគុណភាពបេតុង និងប្រព័ន្ធលូ ដើម្បីធានាថាផ្លូវនេះមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងប្រែក្លាយជាសមិទ្ធផល ប្រកបដោយគុណតម្លៃពិតប្រាកដ សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់តរៀងទៅ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីជាខឿនដ៏រឹងមាំការពារជាតិ ការពារប្រជាជន ការពារទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពាន! ខ្មែររួបរួមសាមគ្គី! ខ្មែរតែមួយខ្មែរខ្លាំង! យើងទាំងអស់គ្នាជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាល វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានមុះមុត ទប់ទុលជាមួយសត្រូវឈ្លានពាន។

អត្ថបទទាក់ទង