ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ពីសប្បុរសជននានា ដើម្បីជូនដល់ជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ។ ក្នុងមានរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ជនភៀសសឹក និងជាការលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។ ឯកឧត្ដមអភិបាលខេត្ត បានសន្យាថាអំណោយ និងសម្ភារៈទាំងអស់នេះ រដ្ឋបាលខេត្តកណ្តាល និងត្រូវបែងចែកដឹកជញ្ជូនទៅជូនកងទ័ពជួរមុខភ្លាមៗ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកតាមដែលអាចធ្វើបាន។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាល បានបញ្ជូនសម្ភារៈដែលទទួលបានពីសប្បុរសជននានា បានចាត់បញ្ជូនដល់ដល់ជនភៀសសឹក និងវីរៈកងទ័ពជារៀងរាល់ថ្ងៃ គិតមកដល់ពេលនេះរដ្ឋបាលខេត្តកណ្ដាលបានបញ្ជូន ស្បៀងអាហារ ភេសជ្ជៈ អាហារក្រៀម និងសម្ភារៈមួយចំនួន បានចំនួន ៨ គ្រឿង ដោយមួយគ្រឿងមានចំណុះ ១៥ តោន។រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។









