+++++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការរង នៃគណៈកម្មការ ជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤” សម្រាប់បេក្ខភាពក្រុងអរិយក្សត្រ ឆ្នាំ ២០២៦-២០២៩ ដែលបានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកចៅសង្កាត់ទាំង១១សង្កាត់ផងដែរ។។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ក្រុងអរិយក្សត្រជាក្រុងថ្មីដែលទើបតែបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២៧២ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យដំណើរការនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ទើបតែបង្កើតបានរយៈពេល ៣ឆ្នាំប៉ុណ្ណោះ។ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល បានគាំទ្រដល់ក្រុងលើគម្រោងអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការកសាងគ្រឹះស្ថានសិក្សារដ្ឋ ទីស្នាក់ការរបស់កងរាជអាវុធហត្ថ ការដោះស្រាយលើជំលោះដីធ្លីរបស់ប្រជាពលរដ្ឋ ។កន្លងមកក្រុងអរិយក្សត្រក៏បានចូលរួមការចលនាប្រលងប្រណាំងអង្គភាពសេវាសាធារណៈគំរូរបស់ក្រសួងមុខងារសាធារណៈ និងទទួលបានជ័យលាភីជាពិសេសការរៀបចំក្រុងទាំងសេវាសាធារណៈ សន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធឱ្យក្លាយជាទីក្រុងដែលមានការរីកចំរើនជាទីមោទន។ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការរង នៃគណៈកម្មការ ជាតិវាយតម្លៃទីក្រុងស្អាតមានប្រសាសន៍ថា៖កម្ពុជាក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំបន្តវេនដ៏ស្វាហាប់ និងឈ្លៀសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព និងចំណេះដឹង បានធ្វើឱ្យ ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យ ទេសចរណ៍មានការរីកចម្រើនគួរឱ្យកត់សំគាល់ និងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស រឹងមាំ សក្តិសមជា -ទីក្រុងបៃតង” កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើង ជាពិសេស ចំណូលវិស័យទេសចរណ៏ ត្រូវបានចាត់បញ្ចូលភ្លាមៗ ទៅក្នុងចរន្តនៃសេដ្ឋកិច្ចជាតិ ទាំងនេះ គឺស្តែងចេញជាលទ្ធផលដែលបានមកពីការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានបន្តទៀតថា៖ ចលនាទីក្រុងស្អាត គឺវាជាបន្ទាត់វាស់នៃការដឹកនាំក្របខ័ណ្ឌមួយ ហើយចលនាទីក្រុងស្អាតនេះគឺជាចលនាមួយដែលក្រុង-ខណ្ឌនីមួយៗ យកស្តង់ដានេះទៅវាយតម្លៃការដឹកនាំ និងការអភិវឌ្ឍន៍របស់ក្រុងខ្លួនបាន ពីព្រោះថាបើមើលតាមលក្ខណៈស្តង់ដារនីមួយៗ បើសិនជាក្រុងរបស់ខ្លួនអាចបំពេញតាមលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យបានល្អក្រុងនោះនឹងក្លាយជាក្រុងទំនើប ហើយក្នុងលក្ខណៈវិនិច្ឆ័យផ្ដោតសំខាន់ទៅលើភាពស្អាត ហើយភាពស្អាតនេះមិនមែនផ្ដោតសំខាន់ទៅលើតែសំរាមតែមួយមុខទេ ហើយក្រុងនីមួយៗ បើចង់ទទួលបានពានរង្វាន់ផ្ការំដួល៣ទង ក្រុងនោះគឺត្រូវមានកម្រិតភាពស្អាត និងកម្រិតភាពទាក់ទាញ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋទទួលបានកម្រិតខ្ពស់ ត្រូវតាមស្តង់ដារដែលបានកំណត់ ហើយស្តង់ដានេះគឺគោលដៅដំបូងរៀបចំដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខមាលភាពនៅក្នុងភូមិឋានរបស់ខ្លួន និងដើម្បីបង្កើតភាពទាក់ទាញវិស័យទេសចរណ៍ ។










