រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៨ភូមិ នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្តាល

+++++++++++++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ សរុបចំនួន ១០៨៣៦បណ្ណ នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅបរិវេណវត្តចំបក់ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីចែកបណ្ណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ រដ្ឋបាលខេត្តកណ្ដាល ប្ដេជ្ញាចេញបានកម្មសិទ្ធិដីជូនប្រជាពលរដ្ឋឱ្យអស់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខនេះ ដោយផ្អែកទៅតាមលទ្ធផលការងារកន្លងមក ខេត្តកណ្ដាល នៅសល់២៨ភូមិទៀត ដែលត្រូវបិទផ្សាយ និងនៅសល់ប្រមាណជិត៣០០ភូមិទៀត ដែលត្រូវបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ ភូមិ១៨ដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះ មិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

អត្ថបទទាក់ទង