ដោយសង្កេតឃើញថា មួយរយៈកន្លងមកនេះ តាមបណ្តាញ សង្គម (Facebook, Tik Tok) របស់ម្ចាស់ហាងលក់មាសមួយចំនួនមានការផ្សព្វផ្សាយ ពីការទិញលក់ គ្រឿងអលង្ការ វត្ថុប្រើប្រាស់តាមផ្ទះរបស់ប្រជាពលរដ្ឋពីសម័យមុន នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ បានអញ្ជើញម្ចាស់ហាងអាជីវកម្មលក់គ្រឿងអលង្ការ ក្នុងតំបន់ផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ក្រុងតាខ្មៅ ដើម្បីប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងអនុក្រិត្យស្ដីពីការអនុវត្តកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលខ្លឹមសារនៃច្បាប់គឺការពារមិនឱ្យជនណាម្នាក់បំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិបានឡើយ កិច្ចប្រជុំនេះដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ និងលោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល។លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានថ្លែងថា៖ ដោយសង្កេតឃើញថាមួយរយៈកន្លងមកនេះមានសកម្មភាពអវិជ្ជមាន មួយចំនួន តាមបណ្តាញ សង្គម (Facebook, TikTok) របស់ម្ចាស់ហាងលក់មាសមួយចំនួនមានការផ្សព្វផ្សាយ ពីការទិញលក់ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់តាមផ្ទះរបស់ប្រជាពលរដ្ឋពីសម័យមុនដែលធ្វើពីលោហៈដូចជា៖ មាស ប្រាក់ ស្ពាន់ លង្ហិន ដោយវត្ថុទាំងអស់នេះរួមមាន៖ ខ្សែដៃ ខ្សែក្រវ៉ាត់ ខ្សែចង្កេះ ក្រវិល កងដៃ ចិញ្ចៀន កាក់ ចាន ផ្អើល ជើងពាន កាបូប កំសៀវ ពែង សម ស្លាបព្រា ដែលមានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ដែលសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញពីហានិភ័យនៃការបំផ្លាញវត្ថុសិល្បៈដែលគួរឱ្យព្រួយបារម្ភខ្លាំងនាពេលបច្ចុប្បន្ន។ លោកអនុប្រធានមន្ទីរបន្ដថា៖ ការថែរក្សា ការពារ វត្ថុបុរាណ និងសម្បត្តិវប្បធម៌ដទៃទៀត មិនមែនត្រឹមតែជាភារកិច្ចរបស់ក្រសួងវប្បធម៌ ឬអាជ្ញាធពាកព័ន្ធតែម្ខាងនោះទេ គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ បានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឲ្យជាតិសាសន៍ណាមកបំភ្លៃបាននោះឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅទីនេះ ហើយកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ បន្តសិក្សា ស្រាវជ្រាវឲ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្ររបស់ជាតិយើង។សូមបញ្ជាក់ផងដែរថា៖ វត្ថុបុរាណ គឺជាសម្បត្តិបេតិកភណ្ឌជាតិ យើងត្រូវរួមគ្នាទប់ស្កាត់ការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ និងការជីករុករកវត្ថុបុរាណដោយខុសច្បាប់ ក-ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅ ៥ឆ្នាំ ព្រមទាំង ពិន័យជាទឹកប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តល្មើសដោយធ្វេសប្រហែស។ ខ-ជនណាដែលប្រព្រឹត្តបទល្មើសដោយចេតនាត្រូវទទួលទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៨ឆ្នាំ និងពិន័យទ្វេគុណនៃតម្លៃសម្បត្តិវប្បធម៌នោះតាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មាន ។ យោង(តាមមាត្រា ៦៣ ច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ)។








