+++++++++++++++++++++++++++ខេត្តកណ្ដាល៖ ដោយអនុវត្តការទប់ស្កាត់ ការការពារ និងបន្តការគាំពារកុមារនៃកិច្ចអន្តរាគន៍ស្នួល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការណ៍ចាមួយរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បានចែកសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ(កង់)ជូនដល់កុមារដែលបានទប់ស្កាត់ ពីការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស ផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈគម្រោងកិច្ចអន្តរាគមន៍ស្នួល ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើននាក់ ដែលពីធីនេះប្រារព្ធធ្វើនៅបរិវេណសាលាបឋមសិក្សាឈើទាល ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ ការចែកអំណោយសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរនៅពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវសេចក្ដីស្រឡាញ់ ស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិកុមារ ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយ, វិធានការពាក់ព័ន្ធការលើកកម្ពស់ និងការពារសុខុមាលភាពកុមារ និងកាលានុវត្តភាពនានាសម្រាប់កុមារកម្ពុជា ដែលស្របទៅតាមក្របខណ្ឌច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវ បន្តថា៖ ការលុបបំបាត់ពលកម្មកុមារ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានចែងនៅក្នុងមុំទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០២៤-២០២៨)។ ហើយគម្រោងកិច្ចអន្តរាគមន៍ស្នូល មានគោលបំណង ការទប់ស្កាត់ ការការពារ និងបន្តការគាំពារដល់កុមារដែលប្រឈមនឹងពលកម្មកុមារ ឬងាយរងហានិភ័យ នៅតាមវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម និងវិស័យការងារអាទិភាព ដែលមានហានិភ័យខ្ពស់ដ៏ទៃទៀត។ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដូចកុមារដទៃទៀតដោយផ្តល់សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ លើកកម្ពស់សុខុមាលភាពកុមារ ដោយឧបត្ថម្ភអាហារសម្រន់ដល់កុមារដែលរៀនវគ្គបំប៉នមុនពេលចូលរៀន និងសេវាសង្គមដទៃទៀត។ លើកកម្ពស់បំណិនជីវិតដល់កុមារដែលមានអាយុក្រោម ១៨ឆ្នាំ និងគ្រួសារកុមារតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការផ្តល់ជាសម្ភារ។ ឆ្លុះបញ្ចាំងអំពីការពិនិត្យឡើងវិញនូវលទ្ធផលជាក់ស្តែងនៃការអនុវត្តកិច្ចអន្តរាគមន៍ស្នូល នៅតាមបណ្តាខេត្តគោលដៅ និងធានានិរន្តរភាពជីវភាពនៃក្រុមគ្រួសារកុមារក្រក្រី និងការផ្តល់ឱកាសចិញ្ចឹមជីវិត ឬការរៀនសូត្ររបស់កុមារ។ ក្នុងឱកាសនោះដែរលោកជំទាវ រដ្ឋលេខាធិការ បានបញ្ចាក់បន្ថែមថា៖ ដើម្បីប្រសិទ្ធភាពនិរន្តភាពនៃការសិក្សារបស់កុមារដែលបានទប់ស្កាត់ការពារ ជាពិសេសការចូលរៀនបានទៀងទាត់តាមកាលវិភាគរបស់សាលារៀន និងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សូមម្ចាស់សិប្បកម្មផលិតឥដ្ឋទាំងអស់ និងឪពុកម្តាយ ឬអាណាព្យាបាលកុមារ ត្រូវបន្តសហការជាមួយអាជ្ញាធរស្រុក ឃុំ គណៈគ្រប់គ្រងសាលា និងមន្ត្រីពាក់ព័ន្ធ ដោយរៀបចំឱ្យមានកម្មវិធីប្រជុំ ដើម្បីបន្តតាមដានវត្តមានកុមារក្នុងការរៀនសូត្រ និងជំរុញ កែលម្អចំណុចខ្វះខាតបន្ថែមទៀត តាមបណ្តាសិប្បកម្មផលិតឥដ្ឋ។ ត្រូវអនុវត្តតាមការណែនាំលើលក្ខខណ្ឌអនាម័យ សុខភាព និងសុវត្ថិភាពការងារដូចមានចែងក្នុង ច្បាប់ស្តីពីការងារ ដែលថ្មីៗនេះបានអនុវត្តមួយចំនួនរួចហើយ ដូចជាដាក់ផ្លាកសញ្ញាហាមក្មេងចូល ក្នុង បរិវេណផលិតឥដ្ឋ កន្លែងដុតឥដ្ឋ ឬកន្លែងមានគ្រោះថ្នាក់...។ល។ ឪពុកម្តាយ ឬអាណាព្យាបាលត្រូវតែជំរុញកូនឱ្យមករៀនឱ្យបានទៀងទាត់ ចៀសវាងការជំរុញកូនឱ្យ បោះបង់ការសិក្សា។











