++++++++++++ខេត្តកណ្តាល៖ អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធ បាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការងារជីកកាយ និងស្ដារព្រែកឬស្សីស្រុក ឱ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជន់លិចដោយទឹកភ្លៀងនារដូវវស្សា ដល់ចំការដំណាំ សាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។សកម្មភាព ជីក កាយស្ដារព្រែកឬស្សីស្រុក យ៉ាងសកម្ម និងបន្ទាន់នេះ គឺជាការឆ្លើយតប ចំពោះសំណូមពរពីប្រជាពលរដ្ឋក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ក្រោមការណែនាំចង្អុលបង្ហាញ និងបានចុះពិនិត្យដល់ទីតាំងផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានបញ្ជាឱ្យចាប់ផ្ដើមអនុវត្តដោះស្រាយបញ្ហាខាងលើនេះ ចាប់តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗកន្លងទៅនេះ។ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥នេះ មានប្រជាពលរដ្ឋនៅភូមិឬស្សីស្រុក ភូមិឬស្សីស្រុក១ និងភូមិឬស្សីស្រុក២ ក្នុងឃុំឈើទាលជាច្រើននាក់ បានមកចូលរួមសម្ដែងនូវការសប្បាយរីករាយ អបអរសាទរ និងគាំទ្រដល់សកម្មភាពអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ដែលបានយកគ្រឿងចក្រមកកាយស្ដារព្រែកឬស្សីស្រុកនេះ បានយ៉ាងឆាប់រហ័សទាន់ពេលវេលា ដើម្បីជួយរំដោះទឹក បញ្ជៀសការជន់លិចផលដំណាំសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។តាមប្រភពមកពីបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ ស្រុក បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងភូមិឬស្សីស្រុក ភូមិឬស្សីស្រុក១ និងភូមិឬស្សីស្រុក២ ស្ថិតក្នុងឃុំឈើទាលនេះ គឺបានរងការជន់លិច ដោយសារទឹកភ្លៀង ពីព្រោះប្រព័ន្ធរំដោះទឹក រួមមានព្រែកឫស្សីស្រុកនេះជាដើម គឺមានការគោករាក់ ព្រមទាំងមានគ្រួសារមួយចំនួនតូចទៅធ្វើផ្ទះរំលោភលើដីចំណីរបស់ព្រែកនេះ ក្នុងនោះមាន គ្រួសារ១ បានចាក់ដីលប់បិទមាត់ព្រែកយកធ្វើជាកម្មសិទ្ធ ដែលធ្វើអោយព្រែកនេះ មិនអាចរំដោះទឹកចេញបាន បណ្តាលឱ្យមានការជន់លិច តែបន្ទាប់ពីមានការពន្យល់ណែនាំពីអាជ្ញាធរ គ្រួសារមួយនោះក៏យល់ព្រមសហការជាមួយអាជ្ញាធរ ធ្វើការកាយ និងស្ដារព្រែកនេះឡើងវិញ ដើម្បីបញ្ជៀសការជន់លិចតទៅទៀត។បងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា ភូមិទាំងបីខាងលើនេះ តែងតែរងការជន់លិច ដោយទឹកភ្លៀងនារដូវវស្សា។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការភ្លាមៗ និងទាន់ពេលវេលា របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរស្រុកកៀនស្វាយ ព្រមទាំងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែង ព្រមទាំងបានពន្លឿន និងសម្រុកកាយស្ដារព្រែកឫស្សីស្រុក បានយ៉ាងទាន់ពេលវេលា តាមការចង់បានរបស់ប្រជាពលរដ្ឋ។ ពួកគាត់បានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការកាយស្ដារព្រែកឬស្សីស្រុកនេះបានរួចរាល់នាពេលឆាប់ៗខាងមុខនេះ ក្នុងភូមិសាស្ត្រឃុំឈើទាលនឹងមិនរងនូវការជន់លិច ដោយទឹកភ្លៀងនារដូវវស្សាដូចឆ្នាំនេះទៀតឡើយ។សូមបញ្ជាក់ថា ការកាយស្ដារព្រែកនេះ គឺអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ បានចុះអនុវត្តស្របទៅតាមច្បាប់ និងជាការឆ្លើយតបចំពោះសំណូបពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំឱ្យជួយដោះស្រាយបន្ទាន់ពីអាជ្ញាធរគ្រប់ថ្នាក់។ ការងារជីកកាយស្ដារព្រែឫស្សីស្រុកនេះ គឺអាជ្ញាធរបានចុះបោះនិយាយការត្រឹមត្រូវ ទៅលើដីចំណីរបស់ព្រែក ដោយមិនធ្វើឱ្យមានផលប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋឡើយ ប្រយោជន៍ដើម្បីបញ្ជៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានាឆ្នាំក្រោយៗទៀត។








