++++++++ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាគណៈធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារការិយាល័យស្នាក់នៅ និងសមិទ្ធិផលនានា ក្នុងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅបរិវេណមជ្ឈមណ្ឌលសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បន្ទាប់ពីបានបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យ ក្នុងពេលមានសម្ពាធអតិផរណា និងជូនគ្រួសារងាយរងហានីភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យលេខ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីថ្មីមួយ ទៀតដើម្បីរក្សាលំនឹងជីវភាពដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ឯកឧត្តម បានបន្តទៀតថា តាមរយៈរបាយការណ៍របស់លោកប្រធានសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បញ្ជាក់ឱ្យឃើញថា លោកប្រធានពិតជាមានឆន្ទៈក្នុងការផ្តល់ក្តីស្រលាញ់ចំពោះកុមារ ជាពិសេសកុមាររងគ្រោះ និងងាយរងគ្រោះ និងបានខិតខំកៀរគររកជំនួយរហូតទទួលបានការឧបត្ថម្ភគាំទ្រច្បាស់លាស់ជាប្រចាំពី ឯកឧត្តម លោកជំទាវ និងសប្បុរស់ជន ក្នុងស្រុក និងក្រៅស្រុក។ ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថាសមាគមនេះនឹង បន្តស្មារតីផ្តល់ក្តីស្រលាញ់ ដើម្បីឲ្យកុមារទទួលបានសិទ្ធិទាំង៤របស់ពួកគេគឺ សិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការចូលរួម និងសិទ្ធិទទួលបានការអភិវឌ្ឍ ជូនកុមារដែលរង គ្រោះ និងងាយរងគ្រោះ និងត្រូវមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរសង្គមកិច្ច ដែលជាអ្នកផ្តល់បច្ចេកទេសជូនមណ្ឌលថែទាំកុមារទាំងអស់ ស្របតាមអនុក្រឹត្យលេខ១១៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ និង សប្បុរស់ជន ក្នុងនិងក្រៅប្រទេសដែលបានចំណាយថវិកា និងសំភារៈផ្សេងៗចូលរួមឧបត្ថម្ភគាំទ្រក្នុងដំណើការ កសាងអគារការិយាល័យ អគារស្នាក់នៅ និងសមិទ្ធផលផ្សេងៗទៀតរបស់សមាគម។ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ និងសប្បុរស់ជន នាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កុមារ មានឱកាស ទទួលបានការស្នាក់នៅ ការមើលថែ និងទទួលបានការអប់រំ ព្រោះថាពួកគេជាធនធានជំនាន់ក្រោយក្នុងការ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។












