++++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណកម្មជនមានពិការភាពក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព អាចការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវខិតខំបញ្ចូលឈ្មោះជនពិការក្នុងប្រព័ន្ធទិន្នន័យឲ្យបានចប់រួចរាល់នៅចុងឆ្នាំ ២០២៥នេះដើម្បីចេញប័ណ្ណសម្គាល់ជនមានពិការភាព ឲ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ឯកឧត្តម ប៊ុន ផេង បានលើកឡើងថា ខេត្តកណ្តាលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាពនៅទូរទាំងខេត្ត ព្រោះថាជនមានពិការភាព ក៏អាចធ្វើការងារពហុវិស័យដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្ថែមដែលថា គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីស្ដាប់ពីបញ្ហាប្រឈម ក្នុងការសម្ភាសន៍ជនមានពិការភាពនៅមូលដ្ឋាន រួមគ្នាពិភាក្សារកដំណោះស្រាយក្នុងបញ្ចូលឈ្មោះជនមានពិការក្នុងប្រព័ន្ធឱ្យបានគ្រប់ៗគ្នានៅមូលដ្ឋាន សំដៅចេញប័ណ្ណសំគាល់ជនមានពិការភាពបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃប័ណ្ណសំគាល់ជនមានពិការភាព ដល់ជនមានពិការភាពក្នុងមូលដ្ឋាន ឲ្យបានផលផុសសំដៅជំរុញដល់ពួកគាត់មកចុះឈ្មោះដើម្បីទទួលបានប័ណ្ណសម្គាល់ជនមានពិការភាព ប្រយោជន៍ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។ សូមជម្រាបផងដែរថា តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានបង្ហាញថា ក្នុងខេត្តកណ្តាល មានជនមានពិការភាពស្នើសុំពីឃុំ/សង្កាត់ បញ្ជូនមកមន្ទីរសរុបចំនួន ២០៣០៩ នាក់។ មន្ទីរទទួលបានទិន្នន័យជនមានពិការភាពពី ឃុំ/សង្កាត់ ពិនិត្យ និងបញ្ជូនទៅក្រសួងសរុបចំនួន ២០៣០៩ នាក់។ ក្រសួងអនុម័ត ចេញប័ណ្ណ ចំនួន ១៧១៥២ ប័ណ្ណ។ ប័ណ្ណពិការភាពដែលមន្ទីរទទួលបានដើម្បីចែកជូនជនមានពិការភាព សរុបចំនួន ១៦៩៥៣ ប័ណ្ណ។ ជនមានពិការភាពមិនទាន់ទទួលបានប័ណ្ណ សរុបចំនួន ៣៣៥៦ នាក់។ ជនមានពិការភាពមានប័ណ្ណសមធម៌ សរុបចំនួន ៣១៤៨ នាក់។ ជនមានពិការភាពបានចុះឈ្មោះចូលកម្មវិធីកញ្ចប់គ្រួសារ ចំនួន ១៧៧៤ នាក់ និងជនពិការបញ្ជូនមកសម្ភាសន៍ និងកែតម្រូវឡើងវិញ ចំនួន ២៧៨៤នាក់៕








