+++++++++++++++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល សហការជាមួយមន្ទីរកិច្ចការនារីខេត្តកណ្ដាល និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល បានរៀបចំ យុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាលើស្រ្តី និងក្មេងស្រី» ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្ថិតនៅបរិវេនវត្តត្រាំង ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ យុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំមួយ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ សម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បន្តចូលរួមនៅក្នុងយុទ្ធនាការអន្តរជាតិនេះ តាមរយៈការរៀបចំសកម្មភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តកណ្តាល ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងក្មេងស្រីក្រោមប្រធានបទ "រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី"។









