-----------ស្រុកស្អាង៖ ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ នៅស្រុកស្អាង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ ទៅកាន់ប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤០០នាក់ថា៖គោលបំណង របស់វេទិកានេះ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកនូវបញ្ហាប្រឈមនានា សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ។ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា៖ វេទិកានេះមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេសវេទិកានេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមផ្តល់មតិយោបល់ ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរនានា សម្រាប់ការពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលា ពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឌឹម ប៉ូរា អភិបាលរងខេត្តកណ្តាល បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមលើកឡើង នូវក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត អាចប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺ ឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។ គួរបញ្ជាក់ថា៖លទ្ធផលសំរាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរ ពីប្រជាពលរដ្ឋចំនួន ៤៨ សំណើ សំណូមពរ ក្នុងនោះរួមមាន៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ចំនួន ៦ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ ផ្នែកសង្គមកិច្ច ចំនួន៣ ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុចំនួន១០៕ប្រភព៖ក្រុមព័ត៌មានខេត្តសំរួលអត្ថបទ៖មុំគឹមអាន









