រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាលលើកទី២ អាណត្តិទី៤ នៅស្រុកពញាឮ

+++++++++ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាលលើកទី២ អាណត្តិទី៤ នៅស្រុកពញាឮ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយនេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានមានប្រសាសន៍ថា៖ រាល់បញ្ហានៃទុក្ខកង្វល់របស់បងប្អូនដែលបានលើកនៅពេលនេះ គឺជាចំណុចសេសសល់ដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានអនុវត្ត និងត្រូវយកទៅអនុវត្តឆ្នាំបន្តក្នុងការបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ដោយរួមសហការគ្រប់មន្ទីរស្ថានប័នជំនាញ និង អាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសេវាតម្រូវការ និងសេវាសំណូមពរជាដើម។ជាមួយការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត មានដូចជា៖ ស្នើសុំផ្លូវកៅស៊ូនិងជួសជុលផ្លូវ, ស្នើសុំលូរំដោះទឹក, ស្នើសុំដោះស្រាយបញ្ហាដីធ្លី, ស្នើសុំដោះស្រាយបញ្ហាបរិស្ថាន, វិទ្យាល័យទេពប្រណម ស្នើសុំអាគារសិក្សា ដោយអាគារស្ទើរទាំងស្រុងចាស់ទ្រុឌទ្រោម, ស្នើសុំបញ្ចុះតម្លៃទឹក និងដោះស្រាយបញ្ហាទឹក និងភ្លើងដែលរអាក់រអួល, និងស្នើសុំដោះស្រាយបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនខុសច្បាប់ក្នុងភូមិ។ក្នុងនោះដែរ ឯកឧត្តម នូ សាខន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ និងភូមិ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ណុប ដារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ។ សំនួរ និងកង្វល់ដែល អង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំនួរ និងកង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប ។ សូមជម្រាបផងដែរថា៖ ក្នុងវេទិកានេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន សំណើជាលិខិតចំនួន ១៦ ស្មើនឹង២១សំណើ សំណើផ្ទាល់មាត់(គ្មាន)។ ក្នុងនោះសំណើរ និងសំណូមពរ ក្នុងផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សរុបចំនួន៥ ផ្នែកសេដ្ឋកិច្ច សរុបចំនួន៧ ផ្នែកសង្គមកិច្ច សរុបចំនួន១ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន៨៕

អត្ថបទទាក់ទង