++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ឌីម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ការដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ១ និងកំណាត់ផ្លូវមហាវិថី ស៊ីជីងពឹង (ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ និងមន្ទីរជំនាញផងដែរ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម បូរ៉ា បានបញ្ជាក់ថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បានជ្រាបអំពីការរៀបចំសណ្តាប់ធ្នាប់ការដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ១ និងកំណាត់ផ្លូវមហាវិថី ស៊ីជីងពឹង (ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣) ដូច្នេះចំពោះក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ត្រូវរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅទីតាំងថ្មី សំដៅធ្វើឲ្យកំណត់ផ្លូវខាងលើមានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវធានាថារាល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ចំពោះការផ្សព្វផ្សាយដែលគ្មានច្បាប់អនុញ្ញាតត្រូវមកសុំច្បាប់អនុញ្ញាតតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងកំណត់ពេលត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មមកដាក់នៅទីតាំងថ្មី បើផុតថ្ងៃកំណត់នេះក្រុមហ៊ុនត្រូវទទួលខុសត្រូវរុះរើដោយខ្លួនឯង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់ម្ចាស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនៅជាប់បំណុលមិនទាន់បង់ពន្ធជូនរដ្ឋ ត្រូវដោះស្រាយបំណុលឲ្យបានរួចរាល់ដើម្បីបន្តសុពលភាពក្នុងការផ្សព្វផ្សាយបានឡើងវិញផងដែរ។









