++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី ហែម សម្បត្តិ សមាជិកក្រុមប្រឹក្សាក្រុងតាខ្មៅ ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង វេលាម៉ោង ៥:២៤ នាទី ព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ គេហដ្ឋានសពស្ថិតនៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រី ហែម សម្បត្តិ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកស្រី ដែលជាការបាត់បង់នូវមាតា និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក ឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ហែម សម្បត្តិ។







