តម្រូវការគម្រោងជាអាទិភាពរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹង និងឃុំទាំង១៨ ដែលស្នើឡើងក្នុងឆ្នាំ២០២៥សម្រាប់អនុវត្តឆ្នាំ២០២៦ ទទួលបានការគាំទ្រពីមន្ទីរអង្គភាពជុំវិញខេត្ត អង្គការ និងសប្បុរសជន ចំនួន២៤៩គម្រោង ដើម្បីជួយអភិវឌ្ឍភូមិ ឃុំឱ្យកាន់តែមានការរីកចំរើន ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងថែមទៀត។ការគាំទ្រនេះធ្វើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ស្រុក ឃុំ ឆ្នាំ២០២៥-២០២៨ ថ្នាក់ស្រុកស្រុក ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាពឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។មានប្រសាសន៍ក្នុងសិក្ខសាលា ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ សិក្ខាសាលានៅពេលនេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ។ ហើយចាប់តាំងពីមានកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ រហូតដល់បច្ចុប្បន្ន សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ នៅថ្នាក់ស្រុកកណ្ដាលស្ទឹង ទទួលបានការគាំទ្រជាបន្ដបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជន និងអង្គការនានា ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា៖ សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យមានការផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានាព្រមទាំងសប្បុរសជនទាំងអស់ដែលធ្វើសកម្មភាពក្នុងមូលដ្ឋាន។ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឺះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ។ ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ ក្រោយពេលបញ្ចប់សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ ស្រុក នៅថ្នាក់ស្រុកនេះទៅ ក្រុមប្រឹក្សាឃុំគ្រប់ឃុំ ពិសេសគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ គ្រប់ឃុំ និងក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគស្រុក ត្រូវខិតខំបន្ដអនុវត្ដសម្រេចឱ្យបាននូវកិច្ចការដែលសេសសល់ស្របតាមប្រតិទិនការងារកសាងកម្មវិធីវិនិយោគប៣ឆ្នាំរំកិលឃុំ ស្រុក ដែលបានគ្រោងទុក ដើម្បីដាក់ជូនក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ពិនិត្យអនុម័ត និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងឃុំ ស្រុកជាមួយរមន្ទីរជំនាញជុំវិញខេត្ដ អង្គការ នានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន ២៤២លើ៥២០គម្រោង សម្រាប់ឃុំស្មើនឹង៤៧ភាគរយ ស្រុកទទួលបានការគាំទ្រចំនួន៧លើ៥០គម្រោងស្មើនឹង១៤ភាគរយ។








