+++++++++++++ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលមានរយៈពេលមួយថ្ងៃពេញ ត្រូវបានបិទបញ្ចប់នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពី សំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងសិក្ខាកាមដែលជាមន្ត្រីនៅថ្នាក់ក្រោមជាតិប្រមាណ ១៥០នាក់។ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាពកាន់តែល្អប្រសើរជាងមុន។ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់ រាជរដ្ឋាភិបាលក្នុងការចុះជួយតម្រង់ទិស គាំទ្រលើកកម្ពស់កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបានសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។នាឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងថ្មីៗពីគ្រូឧទ្ទេស និងបានផ្លាស់ប្ដូរបទពិសោធន៍ល្អពីគ្នាទៅវិញទៅមកក្នុងវគ្គបណ្ដាលក្នុងវគ្គបណ្ដុះបណ្ដាលនេះយ៉ាងផលផុស ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់បានបិទបញ្ចប់វគ្គនាល្ងាចនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរទាំងអស់គ្នា។សូមបញ្ជាក់ថាក្នុងវគ្គបណ្ដុះបណ្ដាលនេះសិក្ខាការទាំងអស់បានធ្វើការសិក្សាស្វែងយល់ទៅលើប្រធានបទសំខាន់ៗចំនួន៦ រួមមាន៖១.អំពីក្រុមការងារចុះមូលដ្ឋាន ២.អំពីលេខាធិការដ្ឋាន ៣.ការរៀបចំវេទិកាសាធារណៈ ៤.ការត្រៀមកិច្ចប្រជុំ ៥.ការរៀបចំរបាយការណ៍ និង៦.គំរូសេចក្តីសម្រេចនានា។












