-----------ខេត្តកណ្តាល៖ ទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយ រដ្ឋបាលខេត្តណ្តាល បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង នៅសាលាគរុសល្យ និងវិក្រិត្យការ ខេត្តកណ្តាល នាថ្ងៃទី១២ វិច្ឆិកានេះ។ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកណ្តាល បានលើកឡើងថា៖ ការបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ក្រុងស្រុក ឃុំសង្កាត់ ឲ្យយល់ដឹងនូវតួនាទី ភារកិច្ច ក្នុងការរៀបចំធ្វើរបាយការណ៍ ឲ្យបានត្រឹមត្រូវ ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។ទន្ទឹមនិងនោះ ឯកឧត្តម គ្រុយ ម៉ាឡែន បានផ្តាំផ្ញើដល់ សិក្ខាកាម ទាំងអស់ ត្រូវតាមដានស្តាប់ ដោយយកចិត្តទុកដាក់ ពីគ្រូឧទេ្ទស ដើម្បីទទួលបាននូវលទ្ធផល ជាវិជ្ជមាន និងចំណេះដឹងថ្មីៗថែមទៀត។បើ ក្នុងករណីមិនច្បាស់លាស់ ត្រូវមានចម្ងល់ តាមរយៈសំនួរ សំណូមពរនានា ដើម្បីគ្រូឧទ្ទេស ធ្វើការបញ្ជាក់បន្ថែម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិកាដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី គូសបញ្ជាក់ថា៖ ផ្អែកតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពរបស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជរដ្ឋាភិបាល បានណែនាំឱ្យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត រៀបចំរបាយការណ៍បូកសរុបសកម្មភាព និង លទ្ធផលការងារចុះមូលដ្ឋាន បញ្ជូនមក ទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន៤ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ គឺរបាយការណ៍ប្រចាំត្រីមាសទី១ ឆមាសទី១ ត្រីមាសទី៣ (កក្កដា សីហា កញ្ញា) និងប្រចាំឆ្នាំ។ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថា៖ សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នាពេលនេះ នឹងទទួលបាននូវចំណេះដឹងបន្ថែម ដែលជាតម្រូវការក្នុងការការលើកកម្ពស់ ការយល់ដឹង និងការពង្រឹងសមត្ថភាព ការងារជាសេនាធិការ ឲ្យប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់៕








