រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តកណ្តាលសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ

+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តកណ្តាលសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយបានការអញ្ជើញចូលរួមពីទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ជាការពិត យន្តការនៃការធ្វើអធិការកិច្ច/សវនកម្ម ឬការត្រួតពិនិត្យ គឺមិនអាចខ្វះបានទេ ក្នុងកាលៈទេសៈនៃការកំណែទម្រង់ សម្រាប់អ្នកអនុវត្តត្រូវការអ្នកត្រួតពិនិត្យ ដើម្បីជួយតម្រែតម្រង់នៅចំណុចខ្វះខាត នៃការអនុវត្ត ដែលជាការបំពេញបន្ថែមទៀតលើការគ្រប់គ្រងរដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ដូចនេះ ការត្រួត ពិនិត្យ គឺជាសមាសធាតុមួយដ៏ចាំបាច់ក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងមានអភិបាលកិច្ចល្អ។ឯកឧត្តមបានបន្តទៀតថា៖ កិច្ចប្រជុំនាពេលនេះ នឹងបន្តផ្តល់កិច្ចការសហការដ៏ល្អ ជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការជាអ្នកអនុវត្តផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏សង្ឃឹមនឹងបានទទួលយកអនុសាសន៍ល្អៗ ក្នុងការ កែតម្រូវនូវបញ្ហាប្រឈម នានា ដើម្បីយកទៅកែលម្អ ក្នុងកិច្ចដំណើរការងារ និងការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកំណែទម្រង់លើការងារគ្រប់វិស័យទាំងអស់ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ដោយផ្តោតលើកំណែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ហើយអគ្គនាយកដ្ឋានសវនកម្ម ផ្ទៃក្នុង មានតួនាទី និងភារកិច្ចចុះធ្វើការងារសវនកម្មផ្ទៃក្នុងនៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាព នីមួយៗ ដំណើរប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ឯកឧត្តមបានបន្តទៀតថា៖ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន បានជួយបង្កើន ប្រសិទ្ធភាពការងារដល់ថ្នាក់ដឹកនាំសវនដ្ឋាន ដើម្បីដឹកនាំបំពេញការងារប្រកបដោយចីរភាព វឌ្ឍនភាព ការងារ និងការទទួលខុសត្រូវខ្ពស់របស់សវនដ្ឋាន ជាពិសេសបានផ្តល់នូវការវិភាគ វាយតម្លៃហានិភ័យ និងអនុសាសន៍កែលម្អតាមរយៈសវនករ ដែលបានរកឃើញ។ ដោយឡែក ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺជា ទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធ ដោយត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់ស៊ីជម្រៅ បន្ថែមទៀតលើការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ ជារួម កិច្ចសវនកម្មផ្ទៃក្នុង ត្រូវផ្តោតលើការពិនិត្យនូវហានិភ័យ ដែលអាចនឹងកើតមានក្នុងកិច្ច ប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ ដោយចុះធ្វើសវនម្មតាមផែនការប្រចាំឆ្នាំ និងពិនិត្យឡើងវិញនូវការ តាមដានការអនុវត្តអនុសាសន៍សវនកម្មសម្រាប់កែលម្អរាល់រយៈពេល ៦ខែម្តង ឬយ៉ាងយូរក្នុង១ឆ្នាំម្តង ស្របទៅផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទន្ទឹមនឹងនេះ គ្រប់បណ្តា អង្គភាពរងសវនកម្មទាំងអស់ ដែលស្ថិតក្នុងរចនាសម្ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រូវបង្កលក្ខណៈសម្បត្តិ សមស្រប និងយកចិត្តទុកដាក់ ដើម្បីទទួលយកកិច្ចសវនកម្មផ្ទៃក្នុង និងចូលរួមសហការជាភាតរភាព ដោយបង្ហាញឱ្យឃើញ នូវជំហរស្មារតីគាំទ្រការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង