រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងអត្រាជាប់ 100% និងជាវិទ្យាល័យដែលគ្មានអ្នកនិទ្ទេសE ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨ សីហា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបានថ្លែងកោតសរសើរដូចនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ លទ្ធផលដែលទទួលបាននាពេលនេះ សូមបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់ពីអាណាព្យាបាល ដែលបានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដោយអភិវឌ្ឍន៍ទាំងចំណេះដឹង សីលធម៌ គុណធម៌ ព្រមទាំងកិច្ចខិតខំសិក្សារបស់សិស្សានុសិស្សផ្ទាល់ រហូតសម្រេចបានលទ្ធផលដែលជាទីមោទនៈនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សិស្សានុសិស្សទាំងអស់ ត្រូវតាំងចិត្តស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ជាធនធានមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិនាថ្ងៃខាងមុខ ដោយត្រូវជៀសឆ្ងាយពីអំពើអប្បាយមុខ ដោយឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារឱ្យទទួលបានជោគជ័យនៅពេលខាងមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ សូមបន្តរក្សាសីលធម៌ វិជ្ជាជីវៈ គរុកោសល្យ និងឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់សិស្ស។ យកចិត្តទុកដាក់ស្រាវជ្រាវ នឹងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាព និងនវានុវត្ត តាមរយៈការបណ្ដុះបណ្ដាល ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំខាងមុខ ទទួលបានលទ្ធផលល្អបន្ថែមពីនេះទៀត។ សូមបញ្ជាក់ផងដែរថា៖ ខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ដែលមានសិស្ស ជាប់និទ្ទេស A ច្រើនជាងគេបំផុត បន្ទាប់ពីរាជធានីភ្នំពេញ។ ហើយ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដែលមាន អត្រាជាប់ ១០០% និងបានជ័យលាភីសិស្សនិទ្ទេស A ច្រើនជាងគេ លំដាប់ទី៩ ទូទាំងប្រទេស ស្មើនឹង ២២ នាក់។

អត្ថបទទាក់ទង