រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង

++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដោយមានការចូលរួម ពីកងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ។ បន្ទាប់ពីអានសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៥-២០២៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់ក្មួយៗ ។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត ក៏បានលើកឡើងថា៖ ក្នុងវិស័យអប់រំជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព ដែលបានផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងប្រមែប្រមូលកុមារទាំងអស់ដែលគ្រប់អាយុចូលរៀននៅទូទាំងប្រទេសដើម្បីទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី និងដើម្បីជាការរំលឹកដល់ទិវាគ្រូបង្រៀន ០៥ តុលា ចំពោះគុណូបការៈរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបូជាកម្លាំងកាយចិត្តបង្ហាត់ បង្រៀនដល់កុមារ និងយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា៖ ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ​​សូមយកចិត្តទុកដាក់ក្នុងការ​បំពេញការងារនឹងមាន​ឆ​ន្ទះ មាន​សាមគ្គីភាព​ផ្ទៃក្នុងធ្វើយ៉ាងណា​កុំ​ឱ្យ​ពុក​ម៉ែ​បងប្អូនប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន មានការ​ខកចិត្ត​មកលើ​យើង។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕សូមបញ្ជាក់ថា៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តកណ្តាល ប្រឡងជាប់ ១០.៧០២នាក់ ស្មើនឹង ៨៧,០៥%។ក្នុងនោះ និទ្ទេស A ចំនួន ២៧៦នាក់, និទ្ទេស B ចំនួន ៩៩០នាក់, និទ្ទេស C ចំនួន ២៦៧១នាក់ និទ្ទេស D ចំនួន ៤៩៣៩នាក់ និងនិទ្ទេស E ចំនួន ២៧២៦នាក់។សិស្សនិទ្ទេស A ក្នុងស្រុកល្វាឯម ចំនួន ០៣នាក់ ក្នុងនោះ វិទ្យាល័យហ៊ុនសែន ទឹកឃ្លាំង ០១នាក់ និងវិទ្យាល័យល្វាស ០២នាក់។

អត្ថបទទាក់ទង