++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យហ៊ុន សែន ស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដោយមានការចូលរួម ពីកងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ។ បន្ទាប់ពីអានសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់ក្មួយៗនោះរួចមក, ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត ក៏បានលើកឡើងថា៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព ដែលបានផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងប្រមែប្រមូលកុមារទាំងអស់ដែលគ្រប់អាយុចូលរៀននៅទូទាំងប្រទេសដើម្បីទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី និងដើម្បីជាការរំលឹកដល់ទិវាគ្រូបង្រៀន ០៥ តុលា ចំពោះគុណូបការៈរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបូជាកម្លាំងកាយចិត្តបង្ហាត់ បង្រៀនដល់កុមារ និងយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា៖ ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់ក្នុងការបំពេញការងារនឹងមានឆន្ទះ មានសាមគ្គីភាពផ្ទៃក្នុងធ្វើយ៉ាងណាកុំឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើយើង។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕









