++++++++++ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ស្រេង សុខវង្ស ប្រធាននាយកដ្ឋានបច្ចេកទេស និងគ្រប់គ្រងគម្រោង នៃអគ្គនាយកដ្ឋានទឹកស្អាត និងលោកប៉ែន សុទ្ធា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានអញ្ជើញអធិបតី ក្នុងពិធីបិតវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងទឹកគ្មានចំណូល" ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រី រដ្ឋាករទឹកស្វយ័តភ្នំពេញ លោក-លោកស្រី ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។លោក ស្រេង សុខវង្ស ប្រធាននាយកដ្ឋានបច្ចេកទេស និងគ្រប់គ្រងគម្រោង នៃអគ្គនាយកដ្ឋានទឹកស្អាត បានឱ្យដឹងថា៖ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ និងគោលដៅខាងលើ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការជំរុញនិងដឹកនាំការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ដោយប្រើប្រាស់នូវមធ្យោបាយនឹងធនធានរបស់ជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា និងស្ថាប័ន ពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ ដោយសារកត្តាធម្មជាតិការប្រែប្រួលអាកាសធាតុ កំណើននៃការប្រើប្រាស់ទឹក និងការបំពុលប្រភពទឹក បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាព និងនិរ័ន្តរភាពនៃការ ផ្គត់ផ្គង់ទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ឱ្យអនុវត្តនូវ «ប្រកាសស្តីពីការគ្រប់គ្រងទឹកគ្មានចំណូល (NRW)» ដើម្បីឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសយកចិត្តទុកដាក់បន្ថែមទៀតទៅលើ ការគ្រប់គ្រងទឹកគ្មានចំណូលរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។លោក ស្រេង សុខវង្ស ប្រធាននាយកដ្ឋានបច្ចេកទេស បានបន្តថា៖ “ទឹក” គឺជាវិស័យអាទិភាព ១ ក្នុងចំណោម វិស័យអាទិភាពទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ បានកំណត់ថា “ត្រឹមឆ្នាំ ២០៣០ សម្រេចនូវការទទួលបានសាកលកម្មនិងសមធម៌នូវទឹកបរិភោគដែល មានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់” ទោះបីក្នុងបរិបទការប្រែប្រួលអាកាសធាតុក៏ដោយ ការជំរុញលើការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ក្រសួងក៏កំពុងតែពង្រឹងបន្ថែមទៅលើអនុលោមភាពនៃប្រតិបត្តិ ការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតទាំងអស់ដែលក្នុងនោះអនុលោមភាពលើលក្ខណៈបច្ចេកទេសនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត គឺជាកត្តាគន្លឹះមួយដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត ដែលមាន សុវត្ថិភាព គុណភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់អ្នកទទួលសេវាទឹកស្អាត។លោកប៉ែន សុទ្ធា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានបញ្ជាក់ថា៖ ក្នុងខេត្តកណ្តាលមានអាជីវកម្មផ្គត់ផ្គង់ទឹកសរុប ៥៦មូលដ្ឋាន ក្នុងនោះអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន៥៥មូលដ្ឋាន និង០១មូលដ្ឋានជាអង្គភាពរដ្ឋាករស្វយ័តភ្នំពេញ សរុបរួមខ្នងផ្ទះបានតទឹកស្អាតចំនួនម្ភៃពីរម៉ឺនពីរពាន់ប្រាំបីរយពីរខ្នងផ្ទះ ស្មើនិង៨២.២៥% ភូមិមានបណ្តាញទឹកស្អាតចំនួន៩៩៧ភូមិ លើភូមិសរុបចំនួន១០១០ភូមិស្មើនិង៩៨.៧០% និងភូមិមិនទាន់មានបណ្តាញទឹកស្អាតមាន ចំនួន ១៣ភូមិស្មើនិង១.៣%។សូមជម្រាបជូនដែរថា៖ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងទឹកគ្មានចំណូល" គឺក្នុងគោលបំណង ដើម្បីជាជួយគាំទ្រដល់ការគ្រប់គ្រងទឹកគ្មានចំណូលរបស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស ឱ្យកាន់តែប្រសើរឡើង នឹងធានាបាននូវការ ផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និងនិរន្តភាព ទោះបីជាមានការប្រែប្រួលអាកាសធាតុ។








