រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល

ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល លោកជំទាវ ស៊្រុន ស្រីនាង បានកោតសរសើរដល់សមាជិក សមាជិការ នៃសមាគមនារីនៅតាមបណ្ដាក្រុង-ស្រុកទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារបានល្អ ដូចភ្លៀងរលឹម ថែមទាំងខិតខំជួយគៀងគរសប្បុរសជន ជួយឧបត្ថម្ដដល់កងទ័ពសមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក នាពេលកន្លងមក តាមរយ:រដ្ឋបាលខេត្ត សបញ្ជាក់ពីស្មារតីឯកភាព សាមគ្គីភាពផ្ទៃក្នុង នៅគ្រប់រចនាសម្ព័ន្ធរបស់ក្រុមចលនាស្រ្តី។ លោកជំទាវ ស៊្រុន ស្រីនាង ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល និងជាអភិបាលរងខេត្ត បានធ្វើការស្នើបែបនេះ ក្នុងឱកាសលោកជំទាវអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវបន្តថា៖ ប្រទេសកម្ពុជាបានត្រលប់មកភាពល្អប្រសើរ បន្ទាប់ពីទទួលបានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចេញពីយុទ្ធសស្រ្ត "ស្ងាត់តែមិនស្ងៀម" របស់ប្រមុខដឹកនាំកម្ពុជា និងបានណែនាំដល់គ្រប់រចនាសម្ព័ន្ធឱ្យអត់ធ្មត់ កុំតបត និងដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាស្ដារស្ថានភាពសេដ្ឋកិច្ច-សង្គមឱ្យមានភាពប្រក្រតីវិញ។ ពិសេសរាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែធ្វើការងារចំពោះមុខឱ្យបានល្អប្រសើរ ពាក់ព័ន្ធនឹងពលករដែលត្រលប់មកពីប្រទេសថៃមិនទាន់មានការងារ និងជួយជំរុញ ណែនាំពន្យល់ ផ្សព្វផ្សាយ និងសម្របសម្រួលឱ្យពួកគាត់ទទួលបានការងារធ្វើគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល បានស្នើដល់សមាគមនារីនៅតាមបណ្ដាក្រុង-ស្រុកទាំងអស់ សូមជំរុញការផ្សព្វផ្សាយស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវ: ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញ និងសូមត្រៀមសហការរៀបចំយុទ្ធនាការបូពណ៌ស(១៦ថ្ងៃ) ដើម្បីលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី និងក្មេងស្រ្តីតាមលទ្ធភាពក្នុងមូលដ្ឋានរបស់ខ្លួន។

អត្ថបទទាក់ទង