រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលើកទី១ អំពីការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

++++++++++++++++ខេត្កណ្ដាល៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ផ្សព្វផ្សាយលើកទី១ អំពីការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយបានការអញ្ជើញចូលរួមពីតំណាងក្រសួងសាធារណ:ការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងអរិយក្សត្រ ស្រុកកៀនស្វាយ ស្រុកលើកដែក តំណាងក្រុមហ៊ុន ហ្គ្រីន អ៊ែសេសម៉ិន ឯ.ក ផងដែរ។ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល៖មានប្រសាសន៍ថា គោលបំណងនៃអង្គសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោង និងប្រមូល ទិន្នន័យ ពិនិត្យលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម ព្រមទាំង រៀបចំកិច្ចពិគ្រោះយោបល់ជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ឱ្យស្របតាមស្តង់ដាររបស់ ក្រសួងបរិស្ថាន និងគោលការណ៍ណែនាំស្តីពីបរិស្ថាន និងសង្គម របស់ JICA ការចូលរួមរបស់អស់ លោក លោកស្រី គឺដើម្បីធានាថា គម្រោងនេះនឹងកំណត់បាននូវវិធានការកាត់បន្ថយហេតុប៉ះពាល់ អវិជ្ជមាននានា ឱ្យដល់កម្រិតអប្បបរមា។ឯកឧត្តមអភិបាលរងខេត្តកណ្តាល៖ បានវាយតម្លៃខ្ពស់ចំពោះមិត្តជប៉ុន ដែលមាន JICA ប្រចាំកម្ពុជាជាតំណាង ដែលតែងតែ ចូលរួមយ៉ាងសកម្មក្នុងការជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីបាតដៃទទេ រហូតមានការ រីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តក្រោមការដឹកនាំ ដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយទៀត ដែលបង្ហាញពីនិម្មិតរូបនៃការបន្តការគាំទ្រអភិវឌ្ឍន៍ឥតស្រាកស្រាន្ត និងជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្មជា-ជប៉ុន ដែលកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅ។ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្តាល សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ «គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានគោលបំណងចម្បង ដើម្បីកែលម្អការដឹកជញ្ជូនតាមផ្លូវគោក និងការតភ្ជាប់ភស្តុភារ តាមបណ្តោយច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដោយផ្តោតលើការធ្វើអោយប្រសើរឡើង និងពង្រីកផ្លូវ ជាតិលេខ១ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងការសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មី។សូមបញ្ជាក់ជូនផងដែរថា៖ គម្រោងធ្វើឲ្យប្រសើរឡើងវិញ និងពង្រីកលើកំណាត់ផ្លូវជាតិលេខ១ មានប្រវែងសរុប៥៣ គីឡូម៉ែត្រ គិតចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតទៅដល់ចំណុចគល់ស្ពានគីហ្សូណា ស្រុកលើកដែក ខេត្តកណ្ដាល ហើយប្រភពហិរញ្ញវត្ថុគម្រោង គឺបានមកពីកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។

អត្ថបទទាក់ទង