រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវបេតុងចំនួន ៣ខ្សែ នៅស្រុកខ្សាច់កណ្ដាល

----------------------------------ខេត្តកណ្តាល៖ ផ្លូវបេតុងចំនួន ៣ខ្សែ ប្រវែង ២ ១៧២ម៉ែត្រ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលអនុវត្តដោយនាយដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ត្រូវបានក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០"។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។ ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ នាយដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ សម្រាប់អនុវត្តការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ២ ១៧២ម កម្រាស់ ០,១៥ម (ខ្សែទី១ ប្រវែង ៨៣៥ម ទទឹង ៦ម, ខ្សែទី២ និងខ្សែទី៣ ប្រវែងសរុប ១ ៣៣៧ម ទទឹង ៥ម) និងផ្លាកឈ្មោះផ្លូវ ចំនួន ៦កន្លែង ស្ថិតនៅភូមិកណ្តាល ទៅភូមិថ្មី ឃុំសន្លុង ភូមិទួលពង្រ ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាលទ្ធផលគណៈកម្មាធិការអន្តរក្រសួង បានសម្រេចឯកភាពការវាយតម្លៃបញ្ចប់ការងារ១០០% លើគម្រោងស្ថាបនាផ្លូវក្រាលបេតុងផ្លូវ ចំនួន៣ខ្សែនេះ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវបេតុងចំនួន ៣ខ្សែ នៅស្រុកខ្សាច់កណ្ដា

អត្ថបទទាក់ទង